ប្រធានគណបក្សខ្មែរក្រោក៖ បើគ្រាន់តែយកលួចសម្បត្តិរបស់រដ្ឋហើយ ប្រគល់មកវិញរួចខ្លួន វាដូចគ្នានិងចោរដែលប្លន់សម្បត្តិគេហើយ យកមកអោយម្ចាស់គេវិញរួចខ្លួនដដែល តើច្បាប់មានតម្លៃអ្វី ?

ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវីល្លាម ហ្គ័ង ជាប្រធានគណបក្សខ្មែរក្រោក លើកឡើងថា ថ្មីៗនេះក្រោយបទបញ្ជាដាច់ណាត់របស់សម្ដេចនាយក ចំពោះករណីការទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាបដែលពាក់ព័ន្ធដល់អតីតអភិបាលខេត្តកំពង់ឆ្នាំងផងនោះ ទើបមន្ត្រីពាក់ព័ន្ធរត់ឆ្វេចឆ្វាចចុះអនុវត្តន៍ច្បាប់ នឹងមានស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់និងអ្នកផ្សេងទៀតខ្ជាក់ដីមកវិញរាប់រយហិចតាជាបន្តបន្ទាប់ តែខ្ញុំនិងមហាជនទន្ទឹងថាតើ និងមានការអនុវត្តន៍ច្បាប់ដែរឬទេ ឬគ្រាន់តែរំលោភហើយ អោយវិញរួចខ្លួន ?

បើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលេីទ្រព្យសម្បត្តិរដ្ឋ ជំពូក១០ មាត្រា ៨១ បានចែងថា រាល់ការរំលោភកាន់កាប់សម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ និងត្រូវផ្តន្ទាទោស ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ ។

តើអាជ្ញាធរពាក់ព័ន្ធនិងចាត់វិធានការតាមច្បាប់ដែរឬទេ ដោយផ្អែកលើមាត្រា៧៦ នៃច្បាប់ខាងលើគឺអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋអាចតាំងខ្លួនជាដើបណ្ដឹងបានចំពោះករណីនេះ ។

មួយវិញទៀតកាលខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាខ្ញុំធ្លាប់ទទួលបានបណ្ដឹងច្រើនណាស់ពាក់ព័ន្ធនិងករណីនេះ ដូចជាប៉ែកដីព្រៃលិចទឹកនាខេត្តកំពង់ធំ មានផ្កាយ៣ក្រសួងមហាផ្ទៃម្នាក់ និងអ្នកធំគ្រាក់ៗផ្សេងទៀតដែលភាគច្រើនពួកគេទន្ទ្រានយកដីព្រៃលិចទឹកនា តំបន់២ តំបន់៣ រាប់រយហិចតាមកជួលអោយពលរដ្ឋស្លូតត្រង់ធ្វើ ស្រែប្រាំង មិនត្រឹមតែទន្ទ្រានដីរដ្ឋមកប្រើប្រាស់ជាប្រយោជន៍ទេ ថែមទាំងលក់ទឹក ពីអាងស្តុកទឹករបស់រដ្ឋមកលក់អោយប្រជាកសិករធ្វើស្រែប្រាំង ដោយភ្ជាប់និងគំនាបនិងការគម្រាមកំហែងជាច្រើនទៀត ។ ប្រជាកសិករខ្លះដើម្បីជីវភាពចៀសពីការធ្វើពលករនៅបរទេសក៏បានខ្ចីលុយធនាគារដើម្បីមកជួលដីដើម្បីធ្វើស្រែ ប៉ុន្តែក្នុងខណៈនេះក្រោយបទបញ្ជារបស់រាជរដ្ឋាភិបាលអោយដកហូតដីព្រៃលិចទឹកត្រឡប់មកវិញនេះ គឺចំពេលដែលប្រជាកសិកររៀបនិងជិតប្រមូលផល ដូចនេះពួកគាត់រងគ្រោះ២ដង !

លើកទីមួយគឺជួលដីរបស់អ្នកធំដែលមិនដឹងថាជាដីខុសច្បាប់ លើកទី២ គឺរដ្ឋនិងរឹបអូសយកដីវិញខណៈដែលគាត់មិនទាន់បានប្រមូលផលកសិកម្ម លើដីទាំងនោះ បណ្ដាលអោយគាត់ខាតបង់ជាខ្លាំង ។

ដូចនេះខ្ញុំសំណូមពរអោយរាជរដ្ឋាភិបាលមេត្តាពិនិត្យលទ្ធភាពក្នុងការស្រាវជ្រាវរកដំណោះស្រាយឬការអនុគ្រោះណាមួយដល់ពលរដ្ឋពិតដែលរងគ្រោះ ២ត្រួតដូចដែលលើកខាងលើ ដើម្បីផ្ដល់ឱកាសអោយពួកគាត់ប្រមូលផលសិន សឹមរឹបរូសជាក្រោយ ។

ហើយខ្ញុំសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងចាត់ការតាមច្បាប់ជាធរមានចំពោះ ជនមានអំណាចលួចសម្បត្តិរដ្ឋមកធ្វើជំនួញលើខ្នងរាស្ត្រ ដើម្បីធានា ថា «ច្បាប់មានតម្លៃ»

ខ្ញុំក៏រីករាយផ្ដល់ឯកសារភស្តុតាងនានាចំពោះជនរំលោភដីព្រៃលិចទឹក នាតំបន់ព្រៃលិចទឹកខេត្តកំពង់ធំ ប្រសិនជាអាជ្ញាធរត្រូវការ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close