ទីបំផុត ផ្សារបន្ទាយស្រី ត្រូវបានអនុញ្ញាតឱ្យជួសជុលកែលម្អឡើងវិញ បន្ទាប់ពីរងការទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក!
ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ នាល្ងាចថ្ងៃទី៣ ធ្នូ ២០២១ នេះ ផ្សារបន្ទាយស្រី ត្រូវបានអនុញ្ញាតឱ្យជួសជុលកែលម្អឡើងវិញ បន្ទាប់ពីរងការទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
អភិបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះអាចដំណើរការជួសជុលកែលម្អឡើងវិញបាន។
លោក ឃឹម ហ្វីណង់ បញ្ជាក់បន្ថែមថា ផ្សារសហគមន៍មួយនេះត្រូវបានផ្អាកអស់មួយរយៈដោយសារមានករណីផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដនៅក្នុងផ្សារ។ រដ្ឋបាលស្រុកបានពិភាក្សាជាមួយគណៈគ្រប់គ្រងផ្សារ និងបងប្អូនអាជីវករទាំងអស់ ដើម្បីយកឱកាសដ៏កម្រដែលបានមកពីការបិទនេះ ប្រែក្លាយផ្សារសហគមន៍មួយនេះឱ្យមានភាពល្អប្រសើរ និងមានសុវត្ថិភាពជាងមុន ដោយបានធ្វើការកែសម្រួលផ្សារទាំងមូលឡើងវិញ ចាក់សាប បង្កើតជម្រេលរំដោះទឹកភ្លៀង រៀបចំដំបូល និងសម្អាតអនាម័យ ជាពិសេសនៅក្នុងផ្នែកលក់បន្លែត្រីសាច់តែម្តង ដើម្បីធានាឱ្យបានថា បើទោះជាមានករណីផ្ទុះឆ្លងម្តងទៀត ក៏មិនចាំបាច់បិទផ្សារទាំងមូលដែរ។