ជនអន្តោប្រវេសន៍ថៃ ចំនួន១៤៣នាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័ការលួចឆ្លងដែនមកធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា
បន្ទាយមានជ័យ ៖ ជនអន្តោប្រវេសន៍ថៃចំនួន ១៤៣នាក់ ,ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួនបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ នៅសៀលថ្ងៃ១៤ រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញពួកគេលួចឆ្លងដែនចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
ពិធីប្រគល់ទទួលនេះភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាព ច្រកអន្តរជាតិប៉ោយប៉ែតជាប់ព្រំប្រទល់ច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ , លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប ។
ភាគីថៃដឹកនាំប្រតិភូមកទទួលលោកឧត្តមសេនីយ៍ទោ SORICHHET HAKPHAN ជំនួយការអគ្គស្នងការនគរបាលជាតិថៃ តំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និង ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។
ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍ថៃទាំង ១៤៣នាក់នេះត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័ករណីលួចឆ្លងដែនចូលកម្ពុជាតាមរយ:មេខ្យល់ មកស្នាក់នៅនិងធ្វើការខុសច្បាប់ ៕