ឈប់យោគយល់ទៀតហើយ! ប្រើវិធានការក្ដៅ  រុះរើសំយ៉ាបតូបលក់ដូររបស់អាជីវករ ដែលលក់ដូររំលោភយកចំណីផ្លូវ នៅផ្សារវាលយន្ត 

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ចាប់ពីថ្ងៃនេះទៅគឺប្រើវិធានការណ៍ក្ដៅ ចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើសំយ៉ាប ឈប់យោគយល់ទៀតហើយ ទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវនៅផ្សារវាលយន្ត ក្រុងស្វាយរៀង។

ការថ្លែងបញ្ជាក់របស់អភិបាលរងក្រុងបែបនេះបានធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីកម្លាំងនគរបាលក្រុង លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង និងប្រជាការពារភូមិ មន្ត្រីរដ្ឋបាលក្រុងស្វាយរៀងជាច្រើននាក់ទៀត។

លោកអភិបាលរងក្រុងស្វាយរៀង បានបន្តថា: ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង នាថ្ងៃនេះលោក បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹងរឹងរូសដោយមិនព្រមអនុវត្តតាមការណែនាំ នៅជុំវិញផ្សារវាលយន្ត។

លោកបន្ថែមថារដ្ឋបាលក្រុងស្វាយរៀងបានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់មេក្រូ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ ធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទំនិញ បន្លែនិងរបស់របរផ្សេងៗមានចិត្តសប្បាយរីករាយ។

ចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុន្តែក៏មានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមទេ គឺគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីបានលក់ដូរបំពានលើចំណីផ្លូវ ហើយក្នុងនាមលោកជាអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។

លោកក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សារវាលយន្តក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀងនិងធ្វើសំយាបផ្ទះលយមកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់ អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូនហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះគឺមិនពិតទេ។

ប្រជាពលរដ្ឋដែលធ្វើដំណើរជុំវិញនៅផ្សារវាលយន្ត សាទរយ៉ាងខ្លាំងដល់រដ្ឋបាលក្រុងស្វាយរៀង ដែលចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ធំទូលាយងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់មិនមានការកកស្ទះដូចមុន៕ ដោយ:Win

អត្ថបទដែលជាប់ទាក់ទង
Open

Close