ឯកឧត្តម ជុំ កុសល ៖ នគរបាលម្នាក់ ស្ម័គ្រចិត្តប្រគល់ដី ជាង៦០០ហិកតា ជូនរដ្ឋវិញ ព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោស តែប៉ុណ្ណោះ!

ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រតិកម្មតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធបុគ្គល មានតួនាទី ជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង៦០០ហិកតា។

មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដី របស់រដ្ឋទេសុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត។ សួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាមុឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចាត់វិធានការផ្លូវច្បាប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ? ចម្លើយគឺ ៖ « ទេ , គ្មានផ្លូវទេ » បើគាត់ហ៊ានទន្ទ្រានយករួចទៅហើយ ទោះបីជាដឹងថា ដីទាំងនោះជាដីរបស់រដ្ឋក៏ដោយនោះ។ ការប្រគល់ជូនវិញនេះគឺដោយសារព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោសតែប៉ុណ្ណោះ។

និយាយឲ្យស្រួលស្តាប់ មនុស្សនេះបានលួចយកដីរដ្ឋមកគ្រប់គ្រងទាំងបំពានរួចទៅហើយ ។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ទោះបីជាមានការស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញក៏ដោយក៏នៅតែមិនរួចខ្លួនទេ គ្រាន់តែមានការបន្ធូរបន្ថយខ្លះតែប៉ុណ្ណោះ ។

ឯកឧត្តម ជុំ កុសល លើកឡើងថា នេះគឺជាការអនុវត្តអភិក្រមទី ៥ របស់សម្តេចតេជោគឺ ការវះកាត់យកសាច់ស្អុយឬដុំសាច់មហារីកក្នុងខ្លួនចេញឲ្យអស់ ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខ ។ បុគ្គលមានតួនាទីជាមន្ត្រី ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូនគឺដើម្បីបម្រើប្រទេសជាតិ និងប្រជាជនបែរជាមិនបានបំពេញត្រឹមត្រូវ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគឺដល់ពេលវេលារបស់ពួកគេហើយ ដើម្បីសម្រាលបន្ទុកបញ្ហាដ៏ច្រើនពីថ្នាក់ដឹកនាំផង ។

ឯកឧត្តម ជុំ កុសល សង្កត់ធ្ងន់ថា កន្លងមកបុគ្គលជាមន្ត្រីប្រភេទនេះ បានសាងបញ្ហាច្រើនណាស់ ហើយបញ្ហាទាំងនោះ បានជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ ដល់រាជរដ្ឋាភិបាល និងគណបក្សថែមទៀតផង។

ក្នុងនាម ជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា១រូប ឯកឧត្តម ជុំ កុសល សូមគាំទ្រពេញទំហឹងចំពោះចំណាត់ការក្តៅគ្មានការយោគយល់ របស់សម្តេចតេជោ នាពេលនេះ និងសូមប្រជាពលរដ្ឋ មានទំនុកចិត្តខ្ពស់បំផុត ចំពោះសម្តេចតេជោ ក្នុងការដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close