លោក ទៀ សីហា បន្តដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង

ខេត្តសៀមរាប៖ នៅ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បន្តដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារចម្រុះ ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរ បឹងទន្លេសាប)។

ក្នុងនោះផ្ទៃដីព្រៃលិចទឹក ដែលបានកាត់ឆ្វៀលកន្លងមក ក្នុងមូលដ្ឋានស្រុកជីក្រែង ដោយផ្អែកតាមនិយាមការ នៃអនុក្រឹត្យ១៩៧ ផ្ទៃដីព្រៃលិចទឹកតំបន់៣ មានទំហំ ៣,៩៧៩ហិកតា គ្របដណ្តប់លើ ឃុំចំនួន៧ នៃស្រុកជីក្រែងរួមមាន៖

– ឃុំឫស្សីលក
– ឃុំសង្វើយ
– ឃុំគោកធ្លកក្រោម
– ឃុំជីក្រែង
– ឃុំអន្លង់សំណរ
– ឃុំស្ពានត្នោត
– ឃុំល្វែងឫស្សី

អភិបាលខេត្តសៀមរាប បន្តថា ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភ យកដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះ ត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរក រាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទឹកទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរខេត្តសៀមរាប ទាំងមូលទៀតផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close