ទំនាស់ដី អណ្តូងមាសសាធារណៈ ​ដែលប្រជាពលរដ្ឋ​១១៨គ្រួសារ នៅឃុំឬស្សីស្រុកខាងលិច ប្តឹងជំទាស់តវ៉ា បានដោះស្រាយបញ្ចប់ហើយ! 

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ​២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និង លោកអភិបាលរងស្រុក រួមនឹងលោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំឬស្សីស្រុកខាងលិច បានអញ្ជើញចុះដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការករណីវិវាទ របស់បងប្អូនប្រជាពលរដ្ឋចំនួន១១៨គ្រួសារ ប្តឹងជំទាស់ជាមួយលោក គឹម ថើយ អតីតកងទ័ពជើងគោកទំនាក់ទំនងការងារព្រំដែនគោកនៅស្នាក់ការភ្នំលក ពាក់ព័ន្ធការទាមទារការធ្វើរបងរំលោភលើដីអណ្តូងមាសសាធារណៈ ស្ថិតនៅទីតាំងក្បែរជើងភ្នំលក ភូមិលក ឃុំឬស្សីស្រុកខាងលិច។

ក្រោមការដឹកនាំសម្រុះសម្រួលប្រមាណ៣ម៉ោង របស់លោក អភិបាល​ស្រុក និងក្រុមការងារ ជាលទ្ធផលទំនាស់ដ៏រ៉ាំរ៉ៃនេះត្រូវបានបិទបញ្ចប់តាមគោលការណ៍ឈ្នះឈ្នះទាំងសងខាង ដោយភាគីលោក គឹម ថើយ បានព្រមព្រៀងវាយរបងដែលបានបំពានលើដីអណ្តូងចំនួន២ម៉ែត្រ ព្រមទាំងស្ម័គ្រចិត្តបរិច្ចាកដីក្នុងប័ណ្ណកម្មសិទ្ធរបស់ខ្លួនមានទំហំទទឹង១ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ដើម្បីបើកពង្រីកធ្វើផ្លូវភ្លឺអណ្តូងសម្រាប់ជូនបងប្អូនប្រើប្រាស់។

ការដោះស្រាយ​ខាងលើនេះ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារអបអរសាទរពេញចិត្តយ៉ាងខ្លាំង ដោយទទួលយកនូវដំណោះស្រាយទាំងនេះ និងបានគោរពថ្លែងអំណរគុណជូន ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនឹងលោក អូន ខន អភិបាលស្រុក បានខិតខំដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌។

អត្ថបទដែលជាប់ទាក់ទង
Open

Close