សមត្ថកិច្ច ចុះត្រួតពិនិត្យដល់ទីតាំង ហាងលក់ទូរសព្ទដៃ យីហោ តាក់ សុខគីម ករណីទទួលសន្លឹកអត្តសញ្ញាណប័ណ្ណ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ!

កំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចុះត្រួតពិនិត្យដល់ទីតាំងហាងលក់ទូរសព្ទដៃយីហោ តាក់ សុខគីម ដែលមានម្ចាស់ឈ្មោះ សាន លីមឃុន ស្ថិតនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុង ករណីទទួលសន្លឹកអត្តសញ្ញាណប័ណ្ណ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ។

បន្ទាប់ពីបានសាកសួរ និងត្រួតពិនិត្យលម្អិតទទួលបានលទ្ធផលដូចខាងក្រោម៖

ទី១. អ្នកប្រព្រឹត្តឈ្មោះ សាន លីមឃុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រកបមុខរបរលក់ទូរស័ព្ទដៃ ដែលមានហាងឈ្មោះ តាក់ សុខគីម លក់ទូរស័ព្ទដៃទំនើប មានទីតាំងស្ថិតនៅភូមិឃុំខាងលើ។

ទី២. ចំនួនសន្លឹកអត្តសញ្ញាណប័ណ្ណទទួលពីប្រជាពលរដ្ឋចំនួន៧៤សន្លឹក ក្នុងនោះមានអាស័យដ្ឋាន ខេត្តកំពង់ស្ពឺចំនួន ៧១ខេត្តផ្សេងៗចំនួន ៣សន្លឹក(បច្ចុប្បន្នផ្លាស់ចូលមករស់នៅខេត្តកំពង់ស្ពឺ)។

ទី៣. មូលហេតុនៃការទុកសន្លឹកអត្តសញ្ញាណប័ណ្ណ គឺ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ

-បង់ប្រាក់ ៥០ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់ រហូតដល់ថ្ងៃប្រគល់ប្រាក់គ្រប់តម្លៃទូរស័ព្ទ
-គិតការប្រាក់៥ភាគរយ នៃតម្លៃទូរស័ព្ទ ក្នុងករណីមិនមានបង់ប្រាក់សោះ។

ទី៤. សាម៉ីខ្លួនបានមករាយកាណ៍ជូននគរបាលប៉ុស្តិ៍ ដោយផ្ទាល់ អំពីការទទួលសន្លឹកអត្តសញ្ញាណប័ណ្ណជាថ្នូរការបង់រំលស់ មូលហេតុសាម៉ីខ្លួនបានឃើញ ការផ្សព្វផ្សាយរបស់នគរបាល អំពីសេចក្តីណែនាំ ស្តីពីការហាមឃាត់និងការបញ្ឈប់ ការទទួល ការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ យកទៅបញ្ចាំ ឬប្រើប្រាស់ជាវត្ថុធានាលើការផ្តល់ឥណទាន របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ទី៥. បានទទួលសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៧៤ សន្លឹក យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះខែ ដើម្បីធ្វើការសុំគោលការណ៍ថ្នាក់ដឹកនាំអនុវត្តបន្ត ។

ទី៦-បានធ្វើកិច្ចសន្យាដល់សាម៉ីខ្លួន ឲ្យបញ្ឈប់ការទទួលសន្លឹកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជាថ្នូរនឹងការបង់រំលស់សម្ភារៈផ្សេងៗបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close