ក្តីអស់សង្ឃឹម ដោយការឈឺចាប់របស់ អ្នកមីង ស្វាយ ចាន់ណារី ប្រែជាស្នាមញញឹមដោយទទួលបានយុត្តិធម៌ពី សាលាឧទ្ធរណ៍ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ដួង តារា បញ្ជាក់ថា ករណីវិវាទដីធ្លីមួយបានកើតឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងពលរដ្ឋក្រីក្រម្នាក់ឈ្មោះ ស្វាយ ចាន់ណារី និងអតីតស្នងការរងប៉ូលីសខេត្តបាត់ដំបងម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចផ្តល់យុត្តិធម៌អោយភាគីអ្នកមីង ស្វាយ ចាន់ណារី អ្នកឈ្នះក្តីក្នុងសំណុំរឿងទាមទារដីក្នុងអង្គហេតុធ្វើអំណោយដែលភាគីអតីតស្នងការរងខាងលើ អះអាងថាសពប្តីរបស់ ស្វាយ ចាន់ណារី មុនស្លាប់បានធ្វើអំណោយដីចំនួនពីរកន្លែងស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ និងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង អោយមកខ្លួន។ ប៉ុន្តែតាមការពិត អតីតស្នងការរងរូបនេះគ្រាន់តែជាសាក្សីក្នុងការទិញលក់ដីខាងលើរវាងប្តីប្រពន្ធតែប៉ុណ្ណោះ។

ដោយគ្មានក្តីរំពឹងថានឹងទទួលបានយុត្តិធម៌ ព្រោះភាគីម្ខាងទៀតជាអ្នកមានអំណាច ទើបអ្នកមីង ស្វាយ ចាន់ណារី បានដាក់លិខិតស្នើសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសុំជួយរកយុត្តិធម៌។

បន្ទាប់ពីបានពិនិត្យឯកសារភស្តុតាង និងស្តាប់ការបំភ្លឺរបស់សាក្សីរួចមក ឯកឧត្តម ដួង តារា បានចាត់អោយក្រុមមេធាវីស្ម័គ្រចិត្តរៀបចំឯកសារគតិយុត្តិដើម្បីដាក់ជូនសាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចតាមនីតិវិធីច្បាប់។

អ្នកមីង ស្វាយ ចាន់ណារី និងកូនស្រីដែលជានិស្សិតច្បាប់ឆ្នាំទី៤ មានសេចក្តីត្រេកអរឥតឧបមាដោយសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចអោយគាត់ឈ្នះក្តី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

អ្នកមីងព្រមទាំងកូនៗបានសំពះគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់យុត្តិធម៌ដល់ដល់រូបគាត់ជាពលរដ្ឋរងគ្រោះរបស់សម្តេច។

ឯកឧត្តម ដួង តារា សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលតែងតែផ្តល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋរងគ្រោះ ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងក្រោមដំបូលតេជោសន្តិភាព។ ពិតប្រាកដណាស់ សម្តេចតេជោ តែងតែផ្តល់យុត្តិធម៌ និងជាម្លប់ដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង
Open

Close