ទំនងភ័យហើយ! ទើប ស្នងការរងខេត្តកំពង់ឆ្នាំងម្នាក់ ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹក ជិត ៧០០ហិតា នៅស្រុកកំពង់លែង ឲ្យរដ្ឋវិញ!

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះថា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង មកឲ្យរដ្ឋវិញ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ដីជាង ៦០០ហិតានេះ គឺលោក ស៊ុំ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះ គឺបានមក ដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។

សូមរំលឹកថា នាពេលកន្លងមក ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ រួមនឹងបក្សពួក ធ្លាប់ត្រូវបាន មន្ត្រីជលផល និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដាក់ពាក្យប្តឹងជាបន្ត ពាក់ព័ន្ធនឹងសកម្មភាព កាប់ រុករាន ទន្ទ្រាន ឈូសឆាយរំលោភ យក ដីព្រៃ លិចទឹក របស់រដ្ឋ នៅក្នុង ភូមិសាស្ត្រ ឃុំច្រណូក ស្រុក កំពង់លែង ជាប់ នឹង ព្រំប្រទល់ ខេត្តកំពង់ធំមក ធ្វើជា កម្មសិទ្ធ ផ្ទាល់ខ្លួន។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។

អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាន បង្កើតគណកម្មាធិការអន្តរក្រសួង និងបានដឹកនាំក្រុមការងារចម្រុះចុះបង្រ្កាបនិងស្រាវជ្រាវ ដោយដាក់ចេញនូវវិធានការដើម្បីកំណត់ឲ្យបានច្បាស់លាស់ អ្នកនៅពីក្រោយនៃការទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ ដើម្បីចាត់វិធានការទៅតាមនិតិវិធីច្បាប់ដោយមិនមានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close