កងកម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ចេីញចុះពិនិត្យទីតាំងផ្ទៃដីតំបន់៣ ជាប់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ អញ្ចេីញអមដំណេីរ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ចំពោះការកាប់ព្រៃលិចទឹក និងការទន្រ្ទានយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក។
ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើស និងក្រុមមន្ត្រីជំនាញសូរិយោដីខេត្ត មន្ត្រីជលផល និងមន្ត្រីស្រុក ឃុំ មូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារ ចុះបញ្ជីដីរដ្ឋ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងការទន្រ្ទានយកដីនៅតាមបឹងទន្លេសាប៕