ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នារសៀល ថ្ងៃទី៣០ វិច្ឆិកា ២០២១ វេលាម៉ោង ១៤ និង ៣០នាទី ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ សហការជាមួយក្រុមហ៊ុន MIZUDA Sanitation បានរៀបចំសិក្ខាសាលា ស្ដីពីការងារ គ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។
សមាសភាពចូលរួម៖
១. ព្រះសង្ឃ និមន្តមកពី វត្តក្នុងខណ្ឌ
២. តំណាងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម
៣. តំណាងអធិការនគរបាលខណ្ឌ
៤. ការិយាល័យជំនាញខណ្ឌ
៥. លោក/លោកស្រីចៅសង្កាត់ទាំង៧
៦. លោកនាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង៧
៧. នាយកសាលារៀនក្នុងខណ្ឌ
៨. តំណាងផ្សារក្នុងខណ្ឌ
៩. តំណាងម្ចាស់ផ្ទះជួលក្នុងខណ្ឌ
១០. តំណាងរោងចក្រសហគ្រាស
១១. តំណាងប្រជាពលរដ្ឋសង្កាត់០៧
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ការរៀបចំសិក្ខាសាលាខាងលើ ផ្តោតសំខាន់ លើតួនាទីភារកិច្ច និងការទទួលខុសត្រូវពេញលេញ ក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការនានាពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជនដូចជា៖
-រៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
-រៀបចំ និងអនុវត្តនូវវិធានការសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមរយៈការដាក់ចេញដីកា ឬលិខិតបទដ្ឋាននានា។
-បង្កើតគ្រប់គ្រង និងចាត់ចែងសេវាសំអាតប្រមូលដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន។
-ធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការសំអាតអនាម័យបរិស្ថាន និងការប្រើប្រាស់សេវាសំអាតប្រមូលដឹកជញ្ជូននិងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ដែលបានរៀបចំនៅក្នុងមូលដ្ឋាន។
-អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថានអំពីកម្មវិធីកាត់បន្ថយការបង្កើតការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងអំពីការលើកកម្ពស់ការប្រើប្រាស់ផលិតផលដែលបានមកពីការកែច្នៃសំរាម សំណល់រឹងទីប្រជុំជន។
-លុបបំបាត់សំរាម នៅតាមទីអារាម មិនអោយមានដេប៉ូសំរាមទៀតឡើយ ។
-លុបបំបាត់ ដេបូសំរាម នៅតាមបណ្តាផ្លូវធំៗ ។