យោធាផ្កាយ៣ម្នាក់ និងកូនប្រសារ ស្រី ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យករណី អគ្គិភ័យឆេះផ្ទះ នៅខណ្ឌកំបូល យប់ម៉ិញ !
ភ្នំពេញ៖ ក្នុងករណីអគ្គិភ័យឆេះផ្ទះល្វែងមួយ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ១២:១៥នាទី ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ ដោយសារឆ្លក់ផ្សែង។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេស្គាល់ថា ម្នាក់ យោធាផ្កាយ៣ វ័យ ៦៤ឆ្នាំម្នាក់ និងកូនប្រសារស្រី ដែលរស់នៅផ្ទះជាមួយគ្នា ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះទី១ ដែលបានស្លាប់ក្នុងហេតុការណ៍នេះ ជាម្ចាស់ផ្ទះ មានឈ្មោះ ជា សុផល ភេទប្រុស អាយុ៦៤ឆ្នាំ ជាយោធា ផ្កាយ៣។
ចំណែកឯជនរងគ្រោះទីពីរ ដែលបានស្លាប់ មានឈ្មោះ វន ថេន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេផ្ទះ។
ជនរងគ្រោះទាំងពីរនាក់ ជាឪពុកក្មេក និងកូនប្រសារ ដែលបច្ចុប្បន្ន រស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍នេះ ក៏មានជនរងគ្រោះម្នាក់ទៀតផងដែរ មានឈ្មោះ អេង សុខុម ភេទស្រី អាយុជាង៥០ឆ្នាំ ត្រូវជាប្រពន្ធរបស់ លោក ជា សុផល ដែលបានរងរបួងក្នុងហេតុការអគ្គិភ័យនោះ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ឆេះផ្ទះល្វែងមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ២០ម៉ែត្រ ក្នុងនោះបានខូចខាតទូតាំង ពិដាន កុងមា និងម៉ូតូចំនួន ២គ្រឿង។ ចំពោះមូលហេតុនៃករណីអគ្គិភ័យនេះ បណ្តាលមកពី ទុស្សេខ្សែភ្លើងកន្លែងកុងម៉ា ទើបឆេះរាលដាលដល់ពិដានផ្ទះ រហូតបណ្តាលជនរងគ្រោះទាំងពីរនាក់ ដែលស្នាក់នៅក្នុងបន្ទប់ពីរផ្សេងគ្នាក្នុងផ្ទះនេះ ឈ្លក់ផ្សែងខ្លាំង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង៕