រាជរដ្ឋាភិបាលកម្ពុជា សម្រេច ហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា «ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលនៃកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ»។

ប្រទេសចំនួន១០ នោះរួមមាន (1) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola និង (10) Zambia៕

អត្ថបទដែលជាប់ទាក់ទង
Open

Close