រៀបចំព្រឹត្តិការណ៍ប្រណាំងទូក សាទរខួប៣ឆ្នាំ ការដាក់បញ្ចូលល្ខោនខោល ទៅក្នុងបញ្ជីរបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ
ខេត្តកណ្តាល ៖ ក្នុងពិធីបិទការប្រណាំងទូក ជ្រើសរើសជើងឯក ទូកខ្នាតខ្លី និងខ្នាតវែង កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក កន សុខកាយ អភិបាលស្រុកល្វាឯម ថ្លែងថា៖ ការ រៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះឡើង ក្នុងគោលបំណង បង្កលក្ខណ: ការសប្បាយរីករាយ ដល់ប្រជាពលរដ្ឋយើង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ ហើយសំខាន់បំផុតនោះ គឺចូលរួម អបអរសាទរ ខួប៣ឆ្នាំ នៃការ
ដាក់បញ្ជូល ល្ខោនខោល វត្តស្វាយអណ្តែត ចូលក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌នៃមនុស្សជាតិ របស់អង្គការរយូណេស្កូស្របពេលដែលរាជរដ្ឋាភិបាល សំរេចបើកប្រទេសឡើងវិញនោះ។
គួរបញ្ជាក់ថា៖ សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូកនៅពេលនេះ មានទូកចូលរួមចំនួន ៥០ទូក ក្នុងនោះ ទូកខ្លីមានចំនួន ២៤ទូក ទូកវែង មានចំនួន ២៦ទូក។ ឆ្លងកាត់ការប្រកួត រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា លទ្ធផល ជ័យលាភីសម្រាប់ទូកខ្លីលេខ១ បានទៅលើទូកឈ្មោះ កំហែងបារមីតេជោសែនជ័យ លេខ២ បានទៅលើទូកឈ្មោះ នគរសែនជ័យ និងលេខ៣ បានទៅលើទូកឈ្មោះ ស.ស.យ.ក ស្រុកល្វាឯម។
សម្រាប់ជ័យលាភីទូកវែង លេខ១ បានទៅលើទូកឈ្មោះស្រីសសុខសែនជ័យ លេខ២ បានទៅលើទូកឈ្មោះ ពិជ័យកុមារតេជោសែនជ័យ លេខ៣ បានទៅលើទូកឈ្មោះ អធិរាជផ្គរលាន់លើផ្ទៃជលសា និងលេខ៤ បានទៅលើទូកឈ្មោះបារមីពោធិ៍មាសតេជោសែនជ័យ។
សំរួលអត្ថបទ៖ មុំ គឹមអាន
រូបភាព៖ក្រុមព័ត៌មានខេត្ត