រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តស្វាយរៀង ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត: បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងផងដែរ។
សូមបញ្ជាក់ជូនផងដែរថា ÷ វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការរយះពេលមួយព្រឹកនេះ រួមមាន៖ ជំនាញឯកទេស និងភាសារអង់គ្លេស។ ហើយការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការថ្មីចំពោះបេក្ខជន បេក្ខនារី និងលោកគ្រូអនុរក្ស ក្នុងមណ្ឌលប្រឡងទាំងអស់ ត្រូវមានកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ទើបអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង៕ ដោយ:win