ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងគណៈកម្មការគ្រប់គ្រងការប្រលងផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រលង និងបេក្ខជន ដែលមកប្រលងទាំងអស់ត្រូវអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីខ្លួនយើង អ្នកជិតខាងយើង និងសហគមន៍យើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំការប្រលង បានឱ្យដឹងថាៈបេក្ខជនប្រឡងមានចំនួន ២៨៣នាក់ ស្រី ១៧៥នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៤៩នាក់ ស្រី ២៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ ៦៥នាក់ ស្រី ៣៧នាក់ ក្របខ័ណ្ឌលេខាធិការ ចំនួន ១៦៩នាក់ ស្រី ១១៥នាក់ ចែកចេញជា ១៨បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់មាន ៣បន្ទប់ ក្របខ័ណ្ឌក្រមការមាន ៤បន្ទប់ ក្របខ័ណ្ឌ លេខាធិការមាន ១១បន្ទប់ ដោយក្នុង១បន្ទប់ដាក់បេក្ខជនប្រឡងចាប់ពី ១៥ ទៅ ១៦ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close