ធ្ងន់ហើយ! សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជនអនាធិបតេយ្យ ដែលកាប់ទន្ទ្រានព្រៃលិចទឹក យកដីក្នុងតំបន់បឹងទន្លេសាបមកផ្ដន្ទាទោសតាមច្បាប់!

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជនអនាធិបតេយ្យដែលកាប់ទន្ទ្រានព្រៃលិចទឹកយកដីក្នុងតំបន់បឹងទន្លេសាបមកផ្ដន្ទាទោសតាមច្បាប់ និងមិនអនុញាតឱ្យមានការបង្កបង្កើនផលលើដីនោះឡើយក្នុងរដូវទឹកសម្រក។

ក្នុងសារជាសំឡេងនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោថ្លែងថា យោងតាមរបាយការណ៍ស្រាវជ្រាវ របស់រាជបណ្ឌិតសភាកម្ពុជាដែដឹកនាំដោយ ឯកឧត្ដមបណ្ឌិសភាចារ្យ សុខ ទូច បានបង្ហាញឱ្យឃើញពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ នោះគឺការកាប់នៅព្រៃលិចទឹក ដែលជាតំបន់ស្នូល និងតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀតនៅតំបន់ទន្លេសាប ។

សម្ដេចតេជោបន្តថា ភាពអនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្ត្រីដែលធ្វើការងារពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងដែនដី ជាខេត្ត ជាស្រុក ឬក៏មន្ត្រីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្ទ្រានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នៅការកាប់ទន្ទ្រានយកដីក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ ដំបូងប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងនាំឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនិងដីដែលបានកាប់រួចហើយ អាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ព្រោះអភិបាលខេត្តក៏ជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ខេត្ត ហើយជាមួយនោះ ក៏មានមន្ទីរជំនាញដែលមានការពាក់ព័ន្ធ ដូចជា បញ្ហាបរិស្ថាន បញ្ហាធនធានទឹក បញ្ហាកសិកម្ម និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ ជាកម្លាំងក្រោមឱវាទរបស់ខ្លួន និងដោយមានការគាំទ្រពីកម្លាំងកងទ័ព នគរបាល និងអាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា «ក្រៅពីថ្នាក់ខេត្ត ខ្ញុំសូមចេញបទបញ្ជា ឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសុរិយោដីថ្នាក់ជាតិ ដឹកនាំការប្រជុំជាបន្ទាន់ ជាមួយនិងក្រសួងដែលមានការពាក់ព័ន្ធ ដែលក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ផ្នែកពាក់ព័ន្ធនានា រាប់ទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលទទួលខុសត្រូវទៅលើការបង្ក្រាបបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នា ដើម្បីធ្វើការចុះទៅត្រួតពិនិត្យរួម ដើរពីក្រោយជាមួយនិងការធ្វើរបស់ខេត្ត ហើយខ្ញុំចេញបទបញ្ជាឱ្យដកយកត្រឡប់មកវិញទាំងអស់នូវដីទាំងឡាយ ដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង»។

សម្ដេចតេជោនាករដ្ឋមន្ត្រីលើកឡើងថា « ប្រសិនបើរបាយការណ៍នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮ ថាអតីតអភិបាលខេត្តកំពង់ឆ្នាំងដែលទើបចាកចេញពីដំណែងក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា ជាង ២ ០០០ ហិកតា ឯណ្ណោះ»។ ដូច្នេះ ខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកដីនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ។ ដូច្នេះស្នើឱ្យមានការចាត់វិធានការ ហើយរៀបចំក្រុមសម្រាប់គ្រប់ខេត្តនៅតំបន់ទន្លេសាប។ ត្រូវដកហូតដីត្រឡប់មកវិញទាំងអស់ ទាំងរបស់មន្ត្រី ទាំងរបស់ប្រជាជន នៅក្នុងដែនដែលយើងបានកំណត់ជាតំបន់ ១ តំបន់ ២ និងតំបន់ ៣ នៃបឹងទន្លសាប ដែលមិនត្រូវឱ្យមានការរំលោភបំពាន ទៅលើតំបន់ដែលបានកំណត់ដែលត្រូវការពារនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ត្រូតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំងដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើង ទាំងជើងទឹក និងទាំងការប្រើប្រាស់ឧត្ថម្ភគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្ដើមបង្កបង្កើនផល ឬកាប់បន្ថែមនៅទីនោះ។ សម្ដេចតេជោបានបញ្ជាក់ដែរថា «យើងមិនអនុញ្ញាតឱ្យបង្កបង្កើផលទៅលើដី ដែលត្រូវដកហូតត្រឡប់មកវិញនេះទេ ដោយសារតែសមត្ថិកច្ចទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូតែចាប់ខ្លួនចំពោះអ្នកណា ដែលបានបំពានជាមួយនឹងបទប្បញ្ញត្តិទាំងឡាយដែលយើងធ្លាប់បានដាក់ចេញរារាំងចំពោះការល្មើសទៅនឹងការកំណត់របស់រដ្ឋ»។

សម្ដេចតេជោមានប្រសាសន៍ថា «ឯកឧត្ដម ឱម យិនទៀង ដឹកនាំក្រុមអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចុះស្រាវជ្រាវ តើមន្ត្រីណាខ្លះ ដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទាំងអស់»។ សម្ដេចតេជោថ្លែងថា «រាជរដ្ឋាភិបាលពិតជាមានការនឿយហត់ យើងគ្មានឱកាសដើម្បីនឹងអប់រំច្រំដែល ទៅលើបញ្ហាដែលអ្នកទាំងនេះបានធ្វើទៀតទេ។ សូមចងចាំឱ្យច្បាស់ថា យើងពុំមានពេលអប់រំទេ ប៉ុន្តែច្បាប់ទើបអាចដោះស្រាយបានបញ្ហា ត្រូវចាប់បញ្ជូនទៅកាន់តុលាការ នៅជនទាំងឡាយណា បើសិនជាគេជាមន្ត្រី ដើម្បីដកហូតត្រឡប់មកវិញ រហូតដល់រឹបអូសនូវទ្រព្យសម្បត្តិទាំងឡាយដែលពួគេមាន ដែលចេញមកពីការល្មើសច្បាប់ នីក្នុងក្របខ័ណ្ឌនៃការកាប់ព្រៃលិចទឹក ក្នុងតំបន់ទន្លេសាបនេះ»។ ដូច្នេះត្រូវធ្វើសកម្មភាព្រមៗគ្នា ដោយគ្មានការពន្យារពេល។

សម្ដេចតេជោ បានថ្លែងនូវការសង្ឃឹមថា ឯកឧត្ដម លោកជំទាវ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ស្ថាប័នដែលមានការពាក់ព័ន្ធ និងចាត់វិធានការយ៉ាងឆាប់ ដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវតែបញ្ជាក់ថា «ត្រូវដកមកវិញទាំងអស់ នូវដីទាំងឡាយណាដែលត្រូវបានកាប់បំផ្លាញ មិនអនុញាតឱ្យមានការបង្កបង្កើផលលើដីនោះតទៅទៀត ទោះបីជាត្រូវលះបង់អ្វី ដោយតម្លៃណា ក៏យើងត្រូវតែយកដីនេះមកវិញឱ្យបាន ហើយដីទាំងនេះត្រូវបង្កើតជាការដាំព្រៃឈើឡើងវិញ ហើយត្រូវការពារវា ឱ្យក្លាយទៅជាព្រៃដែលយើងរក្សាទុកជាជម្រកត្រីពងនៅក្នុងតំបន់ទន្លេសាប ដូចដែលយើងបានធ្វើរួចមកហើយ។ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយខានមិនបាន។

សម្ដេចតេជោបានថ្លែងបន្ថែម ប្រាប់ទៅមន្ត្រីទាំងឡាយដែលបានអនុវត្តន៍ខុសថា «បើចង់បន្ធូរបន្ថយទោសក៏ត្រូវតែចេញសារភាពជាបន្ទាន់ បើមិនចេញសារភាពជាបន្ទាន់ ខ្ញុំចេញបញ្ជាឱ្យអ្នកចេញទៅអនុវត្តន៍ចាត់វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដងយកមកផ្ដន្ទាទោសតាមច្បាប់»។ «យើងមិនអាចអត់ឱនបានទេ នៅពេលដែលយើងកំពុងខិតខំប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងចំពោះច្បាប់របស់ប្រទេសជាតិ អ្នកទាំងនេះមិនសក្ដិសមធ្វើជាមន្ត្រីតទៅទៀតទេ ពួកគេដេកគុកប្រសើរជាងនៅជាមន្ត្រី ហើយសូមកុំនិយាយថា ធ្វើការជូនបក្ស ជូនរដ្ឋយូរហើយ បែរជារដ្ឋ ឬក៏គណបក្សមិនយោគយល់»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានខកខ្លួន ឃើញអ្នកធំទៅធ្វើ ប្រជាជនខ្លួនឯងទៅធ្វើតាមក្រោយ សូមប្រញាប់ប្រញាល់ចាកចេញឱ្យផុតពីទីនោះ បើមិនដូច្នោះនឹងត្រូវរងការចាប់ខ្លួនតែម្ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការសោកស្ដាយ និងទទួលយកនូវការទិតៀន ពីសំណាក់គ្រប់មជ្ឈដ្ឋានទាំងអស់ទៅលើបញ្ហានេះ និងបងប្អូនជនរួមជាតិយោគយល់ចំពោះសភាពការណ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close