បាត់ដំបង៖ នៅវេលាម៉ោង១ និង៤០នាទី រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ឈ្មោះ ម៉ៃ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិអង់ជើង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យ អារក បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
ក្រោយពេលសមត្ថកិច្ចទទួលបានសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋភ្លាមៗនោះកម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាម៉ឺនចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផេង ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថា៖មុនពេលកើតហេតុជនរងគ្រោះ បានទៅផឹកសុីជាមួយយុវជនមួយក្រុម លុះពេលស្រវឹងរៀងខ្លួនក៍មានការទាស់ពាក្យសំដីគ្នា ដោយសារជនរងគ្រោះមិនព្រមទៅទិញថ្នាំញៀនអោយពួកគេយកទៅប្រើប្រាស់ពីព្រោះខ្លាចមានទោស ទើបជនសង្ស័យដកកាំបិតកៃគំរាមសម្លាប់ម្តងទៅហើយ។
ព្រឹកឡើងពួកគេ ក៍បានឈ្លោះប្រកែកគ្នាម្តងទៀត ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ នាំគ្នាជួយឃាត់ទើបពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។
លុះដល់វេលាម៉ោងដូចការរៀបរាប់ខាងលើ ស្រាប់តែប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញសពជនរងគ្រោះ ត្រូវបានជនសង្ស័យអារក សម្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ចនិងប្រជាពលរដ្ឋពេញភូមិ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃុំខ្លួនបណ្តោះអាសន្នដើម្បីសាកសួរបន្តជុំវិញករណីឃាតកម្មទៅលើជនរងគ្រោះ ដោយសារជនសង្ស័យមិនទាន់សារភាពនៅឡើយ៕
ដោយ ៖ សុខ កុសល