ភ្នំពេញ ៖ សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទោះបីមាន សន្តិភាព ស្ថិរភាព យ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
រាជរដ្ឋាភិបាល សម្រេចកែលម្អលក្ខណៈ សម្បត្តិ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ត្រឹម ៧ចំណុច ក្នុងនោះ នៅចំណុចទី២ បានលើឡើង ថា ៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។
តែបើក្រឡេកមកមើល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ក្រុមចោរ បន្តធ្វើសកម្មភាព លួច ឆក់ ប្លន់ ញឹកញាប់ ក្នុងភូមិសាស្ត្រ ខណ្ឌខណ្ឌមានជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភខ្លាំង ខណៈ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង៧ ចំណុច ដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាលនោះ សមត្ថកិច្ចខណ្ឌមានជ័យ ហាក់មិនទាន់អនុវត្តអោយមានប្រសិទ្ធភាពនៅឡើយ។
ជាក់ស្តែង ក្រុមជនសង្ស័យ ២នាក់ ជិះម៉ូតូ ម៉ាក Neck មួយគ្រឿង មកធ្វើសកម្មភាព កាច់កម៉ូតូ មួយគ្រឿង បាន សម្រេច នៅតាមបណ្តោយផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង៦ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ២០២១។
ជនរងគ្រោះ ឈ្មោះ ស៊ឹង វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងក្រឡឹង ស្នាក់នៅផ្ទះជួល ចំណុច ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមការរៀបរាប់ ទាំងអួលដើម ក ពីជនរងគ្រោះថា មុនកើតហេតុខ្លួន បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream សេរី ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1T-3677 មកទិញគ្រឿងក្រឡឹង នៅ នៅតាមបណ្តោយផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈ ដែលខ្លួនកំពុងចូលទៅមើលគ្រឿងក្រឡឹង បានប្រហែល១០នាទី ស្រាប់តែឃើញ បុរសម្នាក់ ពាក់អាវ ឆ្នូតលាយស បានជិះម៉ូតូខ្លួនយ៉ាងលឿន ថែមទាំងមានគ្នាម្នាក់ទៀត ជិះម៉ូតូ Neck នៅជាមួយគ្នាផងដែរ។ ជនរងគ្រោះបន្តថា ក្នុងកែបម៉ូតូ មាន អត្តសញ្ញាណប័ណ្ណ មួយសន្លឹក កាតចាក់វ៉ាក់សាំងចំនួន២សន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ជួយស្រាវស្រាវ តាមចាប់ជនល្មើសមកផ្ទន្ទាទោសតាមច្បាប់ផង។
ពលរដ្ឋថា ចាប់តាំងពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា កាន់តំណែង ជាអធិការខណ្ឌមានជ័យ មក គេសង្កេតឃើញ បទល្មើស លួច ឆក់ ប្លន់ បន្តកើតមានញឹកញាប់ ជាហូរហែរ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិ និង រងរបួសធ្ងន់ស្រាល ខណៈការបង្ក្រាប ហាក់មិនទាន់ប្រសិទ្ធភាពនៅឡើយ។
ពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តា ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើសយក មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅបានសុខ ក្រោមម្លប់សន្តិភាពផង។