បើកលេងល្បែងស៊ីសង (ជល់មាន់ តាមទូរទស្សន៍ និង បុកប៊ីយែរ)​ ដុះស្លែ ! ពលរដ្ឋ រាយការណ៍ ភ្លាម ប៉ូលិស ទៅដល់ភ្លេត!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ​ ដែលបានឆាតរាយការណ៍ ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ មានខ្លឹមសារថា៖​ «​ខ្ញុំបាទជាប្រជាពលរដ្ឋនៅក្នុងភូមិកោះចិន​ ស្រុកពញាឮ​ ខេត្ដកណ្ដាល​ សូមគោរពចូលមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ដោយសេចក្ដីគោរព!»

កម្មវត្ថុ ដោយមានវង់ល្បែងមួយកន្លែងដុះស្លែច្រើនឆ្នាំកន្លងមកហើយពុំមានអាជ្ញាធរមកទប់ស្កាត់ឡើយនេះបើតាមខ្ញុំដឹងគឺមានអំពើពុករលួយនៅក្នុងនឹងកន្លែងដែលប្រព្រឹត្តនោះនៅក្នុងភូមិកោះចិន (ខាងលិចជាប់មាត់ទន្លេ) ដែលមានម្ចាស់ផ្ទះ ឈ្មោះ បាំង​ ភារិទ្ធ ។

ខ្ញុំបាទបានដឹងថាលោកមេភូមិ និងលោកមេប៉ុស្ដិ៍ឧស្សាហ៍មកកន្លែងនេះដែរ​ តែមិនដែលឃើញបង្ក្រាបទេ​ សូមឯកឧត្ដមមេត្តាជួយដល់ប្រជាពលរដ្ឋ​ ដែលរស់នៅជិតខាងផងព្រោះមានសំឡេងស្រែកហ៊ោខ្លាំងៗ ព្រោះថាមានតែស្នងការដ្ឋាននគបាលខេត្តកណ្ដាល​ ទេជាម៉ែជាឪសំរាប់ស្រុកពញាឮ​ និយាយជារួម​ និងសំរាប់ឃុំកោះចិន និយាយដោយឡែក សូមឯកឧត្ដមមេត្តាលាក់ឈ្មោះខ្ញុំបាទផង យើងខ្ញុំនឹងសង្ឃឹមថាខ្ញុំអាចទទួលបាននូវការដោះស្រាយបញ្ហាប្រឈមនានាដែលនៅក្នុងឃុំកោះចិន​ សូមគោរពជូនពរដល់ឯកឧត្តមជោគជ័យគ្រប់ភារកិច្ច​ និងប្រកប​ដោយប្រសិទ្ធភាពខ្ពស់ក្នុងការពារជូនប្រជាពលរដ្ឋ​”។

​បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន​ ពិនិត្យ​និងស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃសុក្រ​ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី​ព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកោះចិន​ ចុះទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ​ បាំង​ ភារិទ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ប្រកបមុខរបរជាងទង​ មានទីលំនៅភូមិកោះចិន ឃុំកោះចិន​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ដើម្បីសួរនាំពាក់ព័ន្ធនឹងការរាយការណ៍របស់ប្រជាលរដ្ឋខាងលើ​។ ម្ចាស់ទីតាំងខាងលើ​ បានសារភាពថាពិតជាមាន បើកលេងល្បែងស៊ីសង (ជល់មាន់តាមទូរទស្សន៍ និង បុកប៊ីយែរ)​ ដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតប្រាកដមែន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានអប់រំ​ ណែនាំ​ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងខាងលើ​ឱ្យបញ្ឈប់ការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត។

ប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងខាងលើ​ បានយល់ព្រមតាមការណែនាំរបស់សមត្ថកិច្ច​ ហើយ​សន្យាថានឹងបញ្ឈប់ការបើកលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទបន្តទៀតហើយ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close