ហាមមិនឱ្យយកទីតាំងជុំវិញមាត់បឹងស្នោ (សួនច្បារតូចក្រាលថ្មម៉ាប) ដើម្បីបរិភោគអាហារ!

ខេត្តឧត្តរមានជ័យ៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចាត់ក្រុមការងារដែលដឹកនាំដោយលោក ផុន ចាន់និល អភិបាលរងក្រុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព ចុះអនុវត្តការងារយាមល្បាត ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅទីប្រជុំជនក្រុងសំរោង។

តាមរយៈការអនុវត្តន៍ការងារនេះ អាជ្ញាធរក្រុង បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលនិយមមកលេងកំសាន្តនៅសួនសាធារណៈ ឱ្យចូលរួមក្នុងការថែរក្សាបរិស្ថាន ការវេចខ្ចប់ទុកដាក់សំរាម សំណល់នានាដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។

លើសពីនេះទៅទៀត ជាគោលការណ៍រួម ចំពោះទីតាំងជុំវិញមាត់បឹងស្នោ (សួនច្បារតូចក្រាលថ្មម៉ាប) មិនត្រូវបានអនុញ្ញាតឱ្យយកជាទីតាំងសម្រាប់អង្គុយបរិភោគអាហារនោះឡើយ ព្រោះថា ក្រោយការបរិភោគរួចតែងតែបន្សល់ទុកនូវសំណល់ សំរាម រសាត់ប៉ើងចូលទៅក្នុងបឹង ការគ្រវែងសំរាមចោលក្នុងទឹក ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធរដល់បរិស្ថាន និងប្រភពទឹកប្រើប្រាស់ដ៏ធំក្នុងទៅប្រជុំជនខេត្ត។ ក្នុងន័យនេះ ទីតាំងខាងលើត្រូវបានទុកជាទីតាំងសម្រាប់អង្គុយសម្រាក លំហែ កំសាន្ត ការដើរ រត់ ហាត់ប្រាណជាដើម។

ក្នុងករណីបរិភោគអាហារផ្សេងៗ សូមប្រជាពលរដ្ឋ យុវជន ជ្រើសរើសទីតាំងនៅលើការ៉ូឡាសួនផ្លូវកណ្តាល ឬនៅបង់ ឬម្លប់ឈើដែរមានរៀបចំកន្លែងសម្រាប់អង្គុយសម្រាក និងត្រូវទទួលខុសត្រូវខ្ពស់ចំពោះសំណល់ សំរាមនានាក្រោយបរិភោគ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close