សមាជិកក្រុម P. S. P (ភ្នំសំពៅ) Vs ក្នុងក្រុម H .W(ហាយវ៉េ)! ប្រាប់ប៉ូលិសថា ធ្លាប់ដេញកាប់គ្នា ១៣ដងហើយ!
បាត់ដំបង៖ កាលពីវេលាម៉ោង២ និង០០នាទី រសៀលត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនិតិវិធីដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកោះហៅ ជនសង្ស័យឈ្មោះ រ៉ម មករា ហៅ រ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសំ ពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឱ្យខូចខាតដោយចេតនា(ប្រើប្រាស់កាំបិតកាប់)លើជនរងគ្រោះនិងមធ្យោបាយធ្វើដំណើរ។
ចំពោះមូលហេតុដែលទាក់ទងនឹងការកោះហៅជនសង័្សយខាងលើនេះគឺ កាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី នៅចំណុចលើផ្លូវហាយវេ ស្ថិតក្នុងភូមិ ខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើជាសមាជិកក្រុម P. S. P ( ភ្នំសំពៅ ) រួមជាមួយបក្សពួកចំនួន ៥ នាក់ទៀតជិះម៉ូតូចំនួន ៣ គ្រឿង បានធ្វើសកម្មភាព អង្គុយចាំស្ទាក់កាប់ ទៅលើក្រុមជនរងគ្រោះ ក្នុងក្រុម H .W ( ហាយវេ )ចំនួន ០៤ នាក់ដែលកំពុងអង្គុយលេងនៅលើផ្លូវហាយវេនេះ បណ្តាលឱ្យឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ា ហៅរ៉ាភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់មុតរយៈដល់លលាដ៍ក្បាល។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា៖ កន្លងមកក្រុមទាំងពួកគេ២នេះ ធ្លាប់បានធ្វើសកម្មភាពដេញកាប់គ្នាប្រហែល ១៣ ដងមកហើ រូបគេបានបន្តថា នៅពេលណាដែលក្រុមម្ខាងទៀត ប្រើប្រាស់ឃ្លីបវីដេអូ Tik Tok ដោយប្រើពាក្យសំដីឌឺដងដៀមដាមដាក់ក្រុមខ្លួន គឺក្រុមរបស់ខ្លួនត្រូវតែរៀបចំ ផែនការទៅកំចាត់ក្រុមនោះ ដោយការកាប់ ចាក់និងវាយបំផ្លាញទ្រព្យសម្បត្តិដេីម្បីដោះស្រាយគំនុំ។
បច្ចុប្បន្នជនសង័្សយ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងចាតបន្ត៕
ដោយ ៖ សុខ កុសល