ការផ្តល់សេវា រដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលប្រព្រឹត្តទៅនៅ ក្រៅការិយាល័យច្រកចេញចូលតែមួយ គឺជាទង្វើខុសច្បាប់! 

ខេត្តកំពត៖ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលប្រព្រឹត្តទៅនៅក្រៅការិយាល័យច្រកចេញចូលតែមួយ គឺជាទង្វើខុសច្បាប់។

លោកបានបញ្ជាក់បន្ថែមថា ការយកកម្រៃសេវារដ្ឋបាលត្រូវតែអនុវត្តតាមការកំណត់នៃលិខិតបទដ្ឋានគតិយុត្ត ដោយមិនត្រូវយកកម្រៃសេវាលើសពីការកំណត់នោះឡើយ។

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយក្នុងជំហានទី២នេះជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៥៣ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមផ្ទាល់ពីរដ្ឋបាលក្រុង ស្រុកចំនួន៥ រួមមាន ក្រុងបូកគោ ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកទឹកឈូនៃខេត្តកំពត ព្រមទាំងក្រុងកែបនៃខេត្តកែប។ ចំណែករដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៤៨ផ្សេងទៀតត្រូវចូលរួមតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) ដើម្បីឱ្យស្របទៅនឹងស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងការរីករាលដាលនូវជំងឺកូវីដ-១៩។

លោក បួន ហេង បានវាយតម្លៃខ្ពស់លើលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លងមកនេះ ព្រមទាំងបានកោតសរសើរចំពោះវត្តមាន និងការចូលរួមយ៉ាងផុសផុលពីសិក្ខាកាមដែលជានាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ បុគ្គលិកផ្នែកជួរ និងផ្នែកជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយដែលបានចូលរួមក្នុងវគ្គនេះ សរុបប្រមាណ៨០០នាក់។

លោកបានបញ្ជាក់ថា នេះជាការបណ្តុះបណ្តាលអំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ។ ជាកិច្ចការបន្ទាប់ទៀត គឺក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្ទេរមុខងារមកការិយាល័យច្រកចេញចូលតែមួយដើម្បីរៀបចំការបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមវិស័យនីមួយៗបន្ថែមទៀត ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើទៅដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ដូចតទៅ៖

១ ត្រូវផ្តល់សេវាឱ្យស្របតាមការណែនាំ គោលការណ៍ និងនីតិវិធីរបស់ក្រសួង ដែលបានកំណត់ និងកុំបន្ថែមនីតិវិធីផ្តល់សេវាដែលលើសសង្វាក់រដ្ឋបាលដែលអាចបង្កការលំបាក និងរាំងស្ទះដល់ប្រសិទ្ធភាពនៃការផ្តល់សេវា។

២ រាល់ការផ្តល់សេវារដ្ឋបាលដែលជាមុខងារទាំងអស់ដែលក្រសួងស្ថាប័នប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយ។

៣  ការយកកម្រៃសេវារដ្ឋបាល ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តទាំងកម្រៃសេវា រយៈពេលផ្តល់ និងសុពលភាព និងមិនត្រូវយកកម្រៃសេវាលើការកំណត់។ ចំពោះប្រភេទសេវាដែលក្រសួងពាក់ព័ន្ធមិនទាន់កំណត់តម្លៃសេវា ហើយប្រសិនបើប្រជាពលរដ្ឋចាំបាច់ស្នើសុំ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋដោយមិនយកម្រៃសេវា។

៤ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងចំណូលដែលបានមកពីប្រាក់កម្រៃនៃការផ្តល់សេវា ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

៥ រដ្ឋបាល ក្រុង ស្រុក ខណ្ឌត្រូវអនុវត្តកិច្ចសហការឱ្យបានល្អជាមួយការិយាល័យប្រជាពលរដ្ឋ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានភាពពេញចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

អត្ថបទដោយ៖ ត.ប

អត្ថបទដែលជាប់ទាក់ទង
Open

Close