សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខគ្រួសារសព យុវតី ឌឹម អេងជូ ដែលស្លាប់ ដោយអំពើ រំលោភសម្លាប់ នៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ ជាការចូលរួមរំលែកទុក្ខដោយក្តីអាណិតអាសូរ និងសោកសង្រេងបំផុតជាមួយគ្រួសារសពយុវសិស្ស ឌឹម អេងជូ ដែលបានជួបនូវរឿងរ៉ាវដ៏អាក្រក់បំផុតសម្រាប់ជីវិតរបស់នាង ទើបនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកក្រហមខេត្ត បានចាត់ឱ្យលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកសម្ភារ និងបច្ច័យ មួយចំនួន ចូលរួមបុណ្យសពយុវតី ឌឹម អេងជូ ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី ១២ វិទ្យាល័យ ហ៊ុន សែន ចំការលើ ដែលបានស្លាប់ដោយការរំលោភសម្លាប់ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលដែលយុវតីរងគ្រោះ ត្រឡប់ពីសាលា រៀនម៉ោងបន្ថែមត្រៀមប្រឡងបាក់ឌុប វិលទៅផ្ទះវិញ ជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ក៏ត្រូវជនល្មើសដែដល់ ឈ្មោះ ម៉ាប់ កំសត់ (ហៅ លន) អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវាយសម្លាប់យ៉ាងព្រៃផ្សៃ ។
សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧ ខណៈ ដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ។
លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានលើកទឹកចិត្តដល់គ្រួសារសពឱ្យតាំងចិត្តទប់អារម្មណ៍ ហើយខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវរងានេះត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម “ដើម្បីទប់ស្កាត់ កុំអោយឆ្លង នូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
សម្ភារៈដែលសាខា បានចូលបុណ្យដល់គ្រួសារសព រួមមាន៖ អង្ករ ៥០គក្រ , មី ២កេស, ត្រីខ ២០ កំប៉ុង, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។
ដោយឡែក អនុសាខាស្រុក ក៏ បានចូលបុណ្យ នូវ អង្ករ ៥០ គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង និង បច្ច័យ ៤០០,០០០ រៀល ផងដែរ ៕
សូមវិញ្ញានក្ខន្ធក្មួយស្រីបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ!