សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Dy Sokmalin ដែលបានសរសេរថា (ឡានទឹកមកហើយបាញ់ទឹកទៅកុំចាំលុយមុនអី) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក Dy Sokmalin ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ករណីអគ្គិភ័យយប់មិញនេះ ដោយសារតែស្ថានភាពផ្លូវចូលទៅខាងក្នុង មានលក្ខណៈតូចចង្អៀតពិបាកក្នុងការបើកបរ។
សូមម្ចាស់ហ្វេសបុកឈ្មោះ Dy Sokmalin ខាងលើនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាល និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។