ភ្នំពេញ៖ សមត្ថកិច្ច អោយដឹងថា មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញ អស់បន្ទប់ ចំនួន១ និងសម្ភារៈប្រេីប្រាស់មួយចំនួន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ភុក វ៉ាន់ឌឿន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន និងម្ចាស់បន្ទប់ឈ្មោះ ពេជ្រ ម៉េងហួរ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះបន្ទប់ថ្មបេតុង ទំហំ ៦ម៉ែត្រ x ២៥ម៉ែត្រ ខូចខាតអស់ផ្ទះទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ) ចំនួន១ បន្ទប់ និងសម្ភារៈប្រេីប្រាស់មួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៦និង១៥នាទីយប់នាថ្ងៃដដែរ៕
ក្នុងករណី គ្រោះអគ្គិភ័យ ខាងលើ គេឃើញវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ប៉ាង លីដា អភិបាលរងខណ្ឌ រួមទាំង មន្ត្រីមួយចំនួនទៀត ចុះទៅទីតាំងកើតហេតុភ្លាមៗ ក្នុងការជួយអន្តរគមន៍ ផងដែរ៕