ទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ២០២១ ក្រោមប្រធានបទ “ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ”

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ចូលរួម ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២១ ក្រោមប្រធានបទ ” ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ ” មានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ និសិ្សត សិស្សានុសិស្ស នៅឆ្នេរអូរឈើទាលពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងទិវាបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ “ ភូមិស្អាត សុខភាពល្អ ជីវិតរីករាយ ”។ ជាទិវាដ៏មានសារៈសំខាន់រួមចំណែកក្នុងបុព្វហេតុបរិស្ថាន។ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខមាលភាព សាធារណៈ ចាំបាច់ត្រូវយកចិត្តទុក ដាក់លើការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ ញែកសំរាមតាមប្រភេទដូចជាសំណល់អាចកែច្នៃបាន(អេតចាយ)សំណល់សរី រាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានភាពស្រស់ស្អាត និងបៃតង កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពត្រូវបន្តខិតខំអនុវត្ត និងត្រូវបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការអបរំ និងផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅលើកកម្ពស់ ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីភាពបរិស្ថាន។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ប្រារព្ធក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ថែរក្សា សំអាតអនា ម័យបរិស្ថាន ជាចរន្តចលករជំរុញឱ្យមានការផ្ដើមសកម្មភាពក្នុងការ ទទួលខុសត្រូវទុកដាក់សំណល់ មិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះ ពាល់ដល់សោភ័ណភាពក្រុងព្រះសីហនុ។ ទិវាបរិស្ថានជាតិ សំដៅបញ្ជ្រាបផ្នត់គំនិតដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើការសម្អាតអនាម័យតាមលំនៅដ្ឋានទីសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការដាំដើមឈើ ដើម្បីឱ្យមានភាពស្រស់បៃតងប្រកបដោយផាសុខភាព ទន្ទឹមនោះការផ្លាស់ប្ដូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិកជារឿងចាំបាច់បំផុតព្រោះការបំពុលដោយប្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងតែគំរាម កំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ភពផែនដី។ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយសូមស្មារតីនេះក្លាយជាមាគាដឹកនាំមនុស្សជាតិទាំងអស់នៅលើសកលលោកឱ្យរួមគ្នាជាកម្លាំងសំដៅរួមចំណែកដល់ការងារអនាម័យបរិ ស្ថាន ភូមិស្ថានស្អាត សុខភាពល្អ ជីវិតរីករាយដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរស់នៅដោយភាពសុខដុមរមនារបស់មនុស្សគ្រប់ជំនាន់។

លោកអភិបាលរងខេត្តបន្តថា ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ប្រារព្ធធ្វើឡើង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាលអ្នករាជការគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិត គ្រប់ភូមិសិក្សាចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ចនានា សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អសោភ័ណភាពបរិស្ថាន ក្នុងព្រះរាជាណាចក្រកម្ពុជាជាប្រទេសគ្របដណ្ដប់ដោយរុក្ខ ជាតិខៀវស្រងាត់ ផ្កាចម្រុះពណ៌ លើកស្ទួយសុខមាលភាព ជីវភាព រស់នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថានល្អ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close