អភិបាលស្រុកកំពង់ត្រាច ៖ រដ្ឋបាលស្រុក ឬមន្រ្តីណាម្នាក់ គ្មានសិទ្ធិ ក្នុងការឧទ្ទេសនាមព្រះសង្ឃ ឬតែងតាំងព្រះសង្ឃធ្វើជាព្រះចៅអធិការវត្តឡើយ!
រដ្ឋបាលស្រុកកំពង់ត្រាច សូមបំភ្លឺចំពោះការចុះផ្សាយរបស់គេហទំព័រ CN Daily នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនិងអធិករណ៍ នៅវត្តខ្សាច់ចាក់ រវាងអាចារ្យ គណៈកម្មការវត្ត និងព្រះសង្ឃព្រះនាម ឆាន់ ធីជាបង និងព្រសង្ឃព្រះនាម ឆាន់ ថាន់ត្រូវជាប្អូន ឋិតនៅក្នុងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយចោទប្រកាន់ចំៗ មកលើ លោក ឃឹម សាមី អភិបាលរងស្រុក ទទួលបន្ទុកកិច្ចការធម្មការនិងសាសនានៅក្នុងស្រុក ថាបានឃុបឃិតជាមួយគណៈកម្មការ អាចារ្យ និងលោកមេឃុំដំណាក់កន្ទួតខាងជើង កិបកេងលុយវត្ត និងបានតែងតាំងព្រះចៅអធិការវត្តថ្មី ដើម្បីគ្រប់គ្រងវត្តនោះ។
ពាក់ព័ន្ធនិងករណីខាងលើ រដ្ឋបាលស្រុកស្រុកកំពង់ត្រាច ខេត្តកំពត សូមធ្វើការបំភ្លឺដូចតទី៖ យោងទៅតាមកិច្ចប្រជុំទាំងពីរលើក របស់សាលាអនុគណស្រុកនៅវត្តកំពូលមាស គឺនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១ និងនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១ តាមការសម្រេចរបស់ព្រះមន្ត្រីសង្ឃឃើញថា៖ ព្រះសង្ឃព្រះនាមឆាន់ ធី ពិតជាបានគង់នៅវត្តខ្សាច់ចាក់ ក្នុងតួនាទីជាព្រះចៅអធិការពិតប្រាកដមែន ប៉ុន្តែក្រោយមកព្រះអង្គក៍បានចាកចេញដោយគ្មានការជូនដំណឹងមកសាលាអនុគណស្រុកឲ្យជ្រាបជាព័ត៌មានទេ (ករណីនេះ តាមសង្ឃដីការបស់ព្រះគ្រូអនុគណស្រុក និងព្រះមន្ត្រីសង្ឃក្នុងស្រុកគឺខុសនិងច្បាប់សង្ឃ) ហើយក្នុងកំឡុងខែមេសា ឆ្នាំ២០២១ ក៍ឃើញមានព្រះសង្ឃព្រះនាម ឆាន់ ថាន់ ត្រូវជាប្អូនរបស់ព្រះអង្គ ឆាន់ ធី មកគង់នៅវត្ត និងដឹកនាំវត្តនោះ ដោយគ្មានការអនុញ្ញាតិ និងទទួលស្គាល់ ពីសាលាអនុគណស្រុកទេ (ករណីនេះ តាមសង្ឃដីការបស់ព្រះគ្រូអនុគណស្រុក និងមន្ត្រីសង្ឃក្នុងស្រុកគឺខុសនិងច្បាប់សង្ឃទៀត) ទើបមានអធិករណ៍នៅក្នុងវត្តកើតឡើង រវាងព្រះអង្គ ឆាន់ ថាន់ និងអាចារ្យវត្ត។ នៅក្នុងកិច្ចប្រជុំនោះ សាលាអនុគណស្រុក ព្រះមន្ត្រីសង្ឃ សម្រេចជ្រើសព្រះសង្ឃមួយអង្គក្នុងស្រុក( មិនមែន ឆាន់ ធី ឬឆាន់ថាន់ទេ មូលហេតុដូចការរៀបរាប់ខាងលើ) ដែលស័ក្តសម អាចធ្វើជាព្រះចៅអធិការវត្តបាន តែរងចាំចេញវស្សាហើយ ក្នុងអំឡុងពេលកាន់វស្សានោះ ព្រះគ្រូអនុគណស្រុកបានចាត់ចែងព្រះមន្ត្រីសង្ឃមួយអង្គឲ្យទៅគង់នៅវត្តនោះបណ្តោះអាសន្ននៅពេលថ្ងៃដើម្បីដឹកនាំវត្ត ដោយយប់ឡើងត្រឡប់មកវត្តកាន់វស្សាវិញ។(លោកតាអាចារ្យ គណៈកម្មការវត្តបានយល់ព្រម និងព្រះអង្គឆាន់ ថាន់ក៍បានចូលរួមក្នុងកិច្ចប្រជុំលើកទី០១នោះ និងដឹងលឺ យល់ព្រមដូចគ្នា មានកំណត់ហេតុ និងបញ្ជីវត្តមានត្រឹមត្រូវ)។
តាមរបាយការណ៍របស់លោកមេឃុំ និងគណៈកម្មការអាចារ្យវត្ត នៅថ្ងៃបុណ្យកឋិនទានវត្តខ្សាច់ចាក់គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានព្រះសង្ឃព្រះនាម ឆាន់ ធី លេចមុខមកគ្រងកម្មវិធីកឋិន ព្រមទាំងមានបងប្អូនអ្នកសារព័ត៌មានមកឡាយបន្តផ្ទាល់ពាក់ព័ន្ធនិងអធិករណ៍ នៅវត្តខ្សាច់ចាក់នោះ ទើបនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាអនុគណមានរៀបចំកិច្ចប្រជុំមួយដើម្បីដោះស្រាយបញ្ហានេះ។
រដ្ឋបាលស្រុកសូមបញ្ជាក់ជូនសាធារណៈជន ក៍ដូចជាបងប្អូនអ្នកសារព័ត៌មាន ជាពិសេសលោក ចាងហ្វាងផ្សាយCN Dairly ជ្រាបថា ក្នុងកិច្ចប្រជុំនោះ ទាំងព្រះមន្ត្រីសង្ឃ និងការិយាល័យជំនាញ ក៍ដូចជារដ្ឋបាលស្រុកដែលមានលោកអភិបាលរងស្រុក គឺបានសង្កត់ធ្ងន់ទៅលើការលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យថ្កុំថ្កើន ជាពិសេសតួអង្គអ្នកដឹកនាំព្រះពុទ្ធសាសនានៅក្នុងវត្តខ្សាច់ចាក់នោះ ថា អាចារ្យ គណៈកម្មវត្តនិងព្រះចៅអធិការវត្តត្រូវអនុវត្តទៅតាមតួនាទី ភារកិច្ច រៀងៗខ្លួនស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលមានចែងជាធរមាន ក្នុងករណីតួអង្គណាមួយប្រព្រឹត្តខុស ត្រូវអនុវត្តច្បាប់ទៅតាមច្បាប់រដ្ឋ ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ មិនថាអាចារ្យ គណៈកម្មការវត្ត និងព្រះសង្ឃឡើយ។
ជាចុងក្រោយ ក្នុងនាមជាមន្ត្រីអ្នកអនុវត្តច្បាប់ សូមធ្វើការបដិសេធន៍រាល់ការចោទប្រកាន់តាមរយៈការចុះផ្សាយរបស់លោកចាងហ្វាយ គេហទំព័រ CN Dairly មកលើអាជ្ញាធរស្រុក ដែលបានដឹកនាំដោយលោកអភិបាលរងស្រុក ដោយប្រើពាក្យធ្ងន់ៗ ហៅឈ្មោះច្បាស់ៗ តែផ្ទុយការពិត និងគ្មានភស្តុតាង ក៏ដូចជាគ្មានការសុំបំភ្លឺពីអាជ្ញាធរជាមុន ហើយធ្វើការចុះផ្សាយដោយគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានត្រឹមត្រូវ និងឃ្លាតឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន នៅកម្ពុជា ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ ដែលកំពុងបំពេញការងាទៅតាមតួនាទី និងភារកិច្ច និងមានអង្គភាពទទួលខុសត្រូវត្រឹមត្រូវ។
រដ្ឋបាលស្រុកសូមសំនូមពរលោកចាងហ្វាង CN Dairly ធ្វើការកែតម្រូវការផ្សាយរបស់ខ្លួន ទៅតាមការបំភ្លឺរបស់រដ្ឋបាលស្រុក ក្នុងរយៈពេលកំណត់មួយត្រឹមត្រូវ និងស្របទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ លើសពីនេះទៀត រដ្ឋបាលស្រុករង់ចាំផ្តល់កិច្ចសហការបន្ថែមពាក់ព័ន្ធនិងការដោះស្រាយអធិករខាងលើគ្រប់ពេលវេលា។
សូមលោកចាងហ្វាង CN Dairly ដែលជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈដឹងច្បាស់ហើយថា រដ្ឋបាលស្រុក ឬមន្រ្តីណាម្នាក់ គ្មានសិទ្ធិក្នុងការឧទ្ទេសនាមព្រះសង្ឃ ឬតែងតាំងព្រះសង្ឃធ្វើជាព្រះចៅអធិការវត្តឡើយ គឺគ្រាន់តែមានសិទ្ធិចូលរួមដោះស្រាយអធិករណ៍ផ្សេងៗដែលកើតមានឡើងនៅតាមវត្តក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច នៃខេត្តកំពត ជាមួយនិងព្រះមន្ត្រីសង្ឃតែប៉ុណ្ណោះ។