លោកចោរ ថ្លើមពាសមេឃ ហ៊ានធ្វើកម្មភាពប្លន់ មុខអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ?

ភ្នំពេញ ៖ ក្រុមចោរ បន្តធ្វើសកម្មភាព លួច ឆក់ ប្លន់ ញឹកញាប់ ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភខ្លាំង ខណៈ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទាំង៧ ចំណុច ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនោះ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ហាក់មិនទាន់អនុវត្តអោយមានប្រសិទ្ធភាពនៅឡើយ។

ជាក់ស្តែង យុវជនម្នាក់ រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូសុខៗ តែមានជនសង្ស័យមានគ្នា៥ទៅ៦នាក់ បានធ្វើសកម្មភាពធាក់ម៉ូតូ បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ នៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យបំរុងលើកយកម៉ូតូជនរងគ្រោះ តែត្រូវបានសមត្ថកិច្ចចេញមកទាន់ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់តែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣ និង ៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំខាងមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់C125 ពណ៌ក្រហម ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខ ភ្នំពេញ 1IY-5596 ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ នៅចំខាងមុខអធិការដ្ថាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យមានគ្នា៥ ទៅ៦នាក់ ជិះម៉ូតូបីម៉ូតូគ្រឿងមិនចាំម៉ាក បានធ្វើសកម្មភាពធាក់ទៅម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរងរបួសបែកដៃ បែកជើង រលាត់ចង្កេះ ពេលនោះជនសង្ស័យបំរុងលើកយកម៉ូតូរបស់ជនរងគ្រោះ តែត្រូវបានសមត្ថកិច្ចដែលនៅទីនោះឃើញរួចហើយចេញមកដល់ ស្រាប់តែជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងខាងលើ បានឲ្យដឹងថា ភាពអសន្តិសុខនៅតាមបណ្តោយផ្លូវខាងលើ កើតមានជាហូរហែរ ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញសមត្ថកិច្ចបង្រ្កាបបានទេ មានតែទទួលពាក្យបណ្តឹងទុក រួចទុកចោលតែប៉ុណ្ណោះ មិនថាតែករណីឆក់កាបូប ទូរស័ព្ទនោះទេ ថែមទាំងករណីកាច់សោ.កម៉ូតូ ករណីប្លន់ប្លន់យកម៉ូតូទៀត គឺមិនដែលចាប់បានឡើយ នេះហើយជាការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រង់ចាំម្ចាស់ចូលមកបំពេញឯកសារយកម៉ូតូត្រលប់ទៅវិញ។

ពលរដ្ឋថា ចាប់តាំងពី លោក ម៉ន វុធី កាន់តំណែង ជាអធិការខណ្ឌ មក គេសង្កេតឃើញ បទល្មើស លួច ឆក់ ប្លន់ បន្តកើតមានញឹកញាប់ជាហូរហែរ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិ និង រងរបួសធ្ងន់ស្រាល ខណៈការបង្ក្រាប ហាក់មិនទាន់ប្រសិទ្ធភាព នៅឡើយ។

ពលរដ្ឋ សំណូមពរដល់ លោក ស ថេត ស្នងការការរាជធានីភ្នំពេញ ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើស មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅ បានសុខ ក្រោមម្លប់សន្តិភាពផង។

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close