សូម លោកស្នងការ ដាក់កម្លាំងជំនាញបន្ថែម ចាប់ជនល្មើស មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅ បានសុខ ក្រោមម្លប់សន្តិភាពផង!

ភ្នំពេញ ៖ ក្រុមចោរ បន្តធ្វើសកម្មភាពឆក់ ញឹកញាប់ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភខ្លាំង ខណៈ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទាំង៧ ចំណុច ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនោះ សមត្ថកិច្ចខណ្ឌមានជ័យ ហាក់មិនទាន់អនុវត្តអោយមានប្រសិទ្ធភាពនៅឡើយ។

ជាក់ស្តែង ក្រុមចោរ៣នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ជានិស្សិតឆ្នាំទី៤ បានសម្រេច នៅអំឡុងម៉ោង៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្បែរផ្សារស្ទឹងមានជ័យចាស់ តាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ សំណាង អាយុ២៤ឆ្នាំ មុខរបរ អ្នករត់ឯកសារ និងជានិស្សិតឆ្នាំ៤ ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ដោយសម្ភារៈបាត់បង់ក្រុមចោរឆក់ទៅរួមមាន៖ ប៉ាស្ព័រឆ្លងដែនចំនួន៥សន្លឹក, ទូរស័ព្ទដៃចំនួន១គ្រឿង, លុយ៣០$, អត្តសញ្ញាណប័ណ្ឌ១សន្លឹក, កាតចាក់វ៉ាក់សាំង១សន្លឹក។

បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា មុនកើតហេតុ រូបនាងជិះម៉ូតូមួយគ្រឿង ម៉ាក GBX ពណ៌ឈាមជ្រូក គ្មានស្លាកលេខ តែម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ បំណងទៅផ្ទះម្ដុំលូប្រាំ ទិសដៅពីកើតទៅលិច ខណៈមកជិតដល់ផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកតាមក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់គាត់បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព បើទោះបីរូបគាត់ខំស្រែកថាចោរៗ ដើម្បីឲ្យគេជួយក៏គ្មានអ្នកជួយដេញតាមដែរ។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ និងយកសម្ភារៈមកវិញទាំងក្ដីអស់សង្ឃឹម។ បន្ទាប់មករូបនាងក៏ចេញពីប៉ុស្ដិ៍នគរបាលវិញ ក៏ជួបបងប្អូនក្រុមអ្នកសារព័ត៌មាន រួចឲ្យជួយផ្សព្វផ្សាយដល់លោកចោរដែរឆក់យកទៅ ក៏ដូចជាប្រជាពលរដ្ឋដែលរើសបានមេត្តាជួយផ្ដល់ប៉ាស្ព័រឆ្លងដែន៥សន្លឹកវិញផង រូបគាត់និងមានជាសគុណថែមទៀត ព្រោះវត្ថុនេះមានតម្លៃសម្រាប់រូបនាងខ្លាំងណាស់ តែគ្មានតម្លៃអ្វីសម្រាប់អ្នកយកទៅនោះទេ ហើយក្រៅពីប៉ាស្ព័រឆ្លងដែន៥សន្លឹក រូបគាត់មិនសូវស្ដាយស្រណោះនោះទេ៕

ពលរដ្ឋថា ចាប់តាំងពី លោក ម៉េង វិមានតារា កាន់តំណែង ជាអធិការខណ្ឌ មក គេសង្កេតឃើញ បទល្មើស លួច ឆក់ ប្លន់ បន្តកើតមានញឹកញាប់ជាហូរហែរ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិ និង រងរបួសធ្ងន់ស្រាល ខណៈការបង្ក្រាប ហាក់មិនទាន់ប្រសិទ្ធភាព នៅឡើយ។

ពលរដ្ឋ សំណូមពរដល់ លោក ស ថេត ស្នងការការរាជធានីភ្នំពេញ ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើស មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅ បានសុខ ក្រោមម្លប់សន្តិភាពផង។

អត្ថបទដែលជាប់ទាក់ទង
Open

Close