ចាប់ខ្លួនទណ្ឌិត លួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ទាំង៧នាក់ ក៍ដោយ! ដំណើរការអធិការកិច្ច នោះគឺនៅកំពុងដំណើរការនៅឡើយ!
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះ យើងសម្រេចបានជោគជ័យ។
តាមលទ្ធផលនៅថ្ងៃនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ ការចាប់ខ្លួន ជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារ លួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។
ទន្ទឹមនឹងនេះ ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀ ជូនបងប្អូនជនរួមជាតិដែរថា ដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ នោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។
សម្ដេចក្រឡាហោម ស ខេង ៖ បងប្អូនជនរួមជាតិជាទីគោរព! ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ៕