ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីអំពើហិង្សាដោយចេតនាទៅលើស្ត្រីជា ច្រើននាក់ដែលកំពុងស្លទឹកនំបញ្ចុក និងចិតរបោយនំ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ ទៅ៤ នាក់រងរបួស ធ្ងន់រួចជនល្មើសរត់គេចខ្លួនអស់រយៈពេល៤ថ្ងៃ ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ ។
នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ខែកក្ក ដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក មានករណីហឹង្សាដោយចេតនាកើតឡើង បង្កដោយឈ្មោះ ស្វឿង ប៉ុង ជនដៃដល់ ជាមនុស្សញៀនថ្នាំ បានធ្វើសម្មភាពកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកស្ត្រី៣ទៅ៤នាក់ ដែលកំពុង ស្លទឹកនំបញ្ចុក ហូបជាលក្ខណៈគ្រួសារនិងចិតបន្លែដោយពុំដឹងមូលហេតុ។ ដោយឃើញពីសកម្មភាពរបស់ជនល្មើស ស្ត្រីទាំងនោះបាននាំគ្នាស្ទុះក្រោយរត់រៀងៗខ្លួន តែចៃដន្យស្ត្រីឈ្មោះហឿង សៃនាវ អាយុ៥៨ឆ្នាំ ជាប្រពន្ធរបស់ ក្រុមប្រឹក្សាឃុំថ្មពួក បានស្ទុះរត់បានបន្តិចជាន់ដុំដីក្រឡាច់ដួល ត្រូវជនដៃដល់កាប់ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ថ្មពួក តែដោយរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យស្រុកបានបញ្ជូនបន្តទៅមន្ទីរ ពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុងក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។
ជនដៃដល់ ត្រូវប៉ូលិស ឃាត់ខ្លួនបាននៅ វេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងលើ រួមទាំងដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះរួចបានយក ទៅលាក់ទុកនៅក្នុងចម្ការដំឡូងមីខាងកើតវិទ្យាល័យថ្មពួក។
ជនសង្ស័យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕ ដោយ៖ រឿន សុវណ្ណារ៉ា