គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៤គ្រួសារ នៅក្នុងឃុំស្វាយជុក ទទួលអំណោយពី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ
(កំពង់ឆ្នាំង)៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា រួមជាមួយមន្ត្រី អាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ដែលរលំផ្ទះទាំងស្រុង ១ខ្នង និងរបើកដំបូលផ្ទះ ៣ខ្នង ស្ថិតនៅភូមិតាំងឃ្លៃ ភូមិព្រៃញាម និងភូមិក្រាំងស្រម៉ ស្ថិតក្នុងឃុំស្វាយជុក នៃស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនៃការសួរសុខទុក្ខនោះ លោក វន ស៊ីផា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ លោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អំណោយដែលគ្រួសាររងគ្រោះនីមួយៗទទួលបានរួមមាន៖
គ្រួសាររលំផ្ទះទាំងស្រុង : អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ឃីត ១កញ្ចប់ (មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១), តង់ ១ និងថវិកា ១០០.០០០រៀល (ដប់ម៉ឺនរៀលគត់)។
គ្រួសាររបើកដំបូលផ្ទះ : អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, និងថវិកា ៥០.០០០រៀល (ប្រាំម៉ឺនរៀលគត់) ។
ដោយ៖ យីឈៀន