លោក ដួង តារា ៖ បានកើត និងរស់នៅលើដីខ្លួនឯង អស់រយៈពេល៥១ឆ្នាំ បែរជាមានគេធ្វើប្លង់យកដីបាន!

លោក ដួង តារា បញ្ជាក់នៅថ្ងៃទី ៥ កក្កដា ២០២១ នេះថា  ៖ មានតែទឹកភ្នែកទេ ដែលអាចរៀបរាប់នូវភាពឈឺចាប់នេះបានសម្រាប់ស្រ្តីមេម៉ាយម្នាក់ឈ្មោះ មួង ធា អាយុ ៥១ឆ្នាំ ដែលបានយកលិខិតគោរពសុំអន្តរាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាជួយផ្តល់យុត្តិធម៌លើករណីវិវាទដីធ្លីរបស់គាត់ដែលមានភាគីម្ខាងទៀតបាននិងកំពុងឈូសឆាយយកដីគាត់។

បងស្រី មួង ធា បានប្រាប់ខ្ញុំថា គាត់មិនដែលស្គាល់ភ្នំពេញទេ គឺគាត់រស់នៅតែក្នុងព្រៃជនបទ។ ក្រោយពីប្តីបានប្រើអំពើហឹង្សាវាយដំធ្វើបាបគាត់ហើយបានចាកចេញទៅមានប្រពន្ធថ្មី បងស្រីនៅជាមួយកូនស្រី២នាក់ខិតខំធ្វើស្រែចំការសន្សំលុយបញ្ជូនកូនអោយទៅរៀនក្រែងលោមានអនាគតល្អ។ ពេលនេះកូនស្រីគាត់ម្នាក់កំពុងធ្វើការនៅភោជនីយដ្ឋាមួយក្នុងខេត្តកំពង់ស្ពឺបានប្រាក់ខែ $50 ។

បងស្រីបានរៀបរាប់ថា គាត់ស្ទើរតែគាំងបេះដូងស្លាប់នៅពេលដែលឮថាដីដែលគាត់បានកើតនិងរស់នៅធំដឹងក្តីនៅទីនោះ បែរជាមានអ្នកផ្សេងមកធ្វើប័ណ្ណយកជាកម្មសិទ្ធគេទៅវិញ។ ដីនោះគឺស្ថិតនៅ ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានទំហំ ៧ហិកតា ហើយមានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីទទួលស្គាល់ដោយ មេឃុំ ស៊ឹម រ៉ុន កាលពីថ្ងៃទី១៣ ខែ ៦ ឆ្នាំ ២០១៤។ ក្នុងនោះក៏មានប្រជាពលរដ្ឋចំនួន ២៧គ្រួសារបានផ្តិតមេដៃទទួលស្គាល់ថាបងស្រី មួង ធា ជាម្ចាស់ដីខាងលើពិតប្រាកដមែន។ ប៉ុន្តែក្រោយមក លោកមេឃុំក៏បានបដិសេធត្រា និងហត្ថលេខាគាត់វិញ (?) មិនទទួលស្គាល់ដីបងស្រី។

បងស្រី មួង ធា បានបញ្ជាក់ថា ពេលនេះភាគីម្ខាងទៀតសម្លុតគម្រាមគាត់អោយដកសំណាបចោលនិងរុះរើផ្ទះចេញជាបន្ទាន់ ដោយគម្រាមថានឹងចាប់ដាក់គុក៦ខែ ហើយបង់ពិន័យជាប្រាក់២លានរៀលទៀតផង។ ករណីនេះគាត់ត្រូវបានភាគីម្ខាងនោះប្តឹងឡើងតុលាការ…បែបចាញ់គេហើយ បានជាគេគម្រាមអោយគាត់ចេញជាបន្ទាន់។ ប៉ុន្តែភាគីម្ចាស់ដីដែលមានព្រុំដីជាប់បងស្រី មួង ធា គឺដាច់ខាតមិនផ្តិតមេដៃសម្គាល់ព្រុំអោយទៅអ្នកដែលមកយកដីគាត់ឡើយ។ ខ្ញុំមិនទាន់ដឹងទេថា តើភាគីម្ខាងទៀតមានឯកសារអ្វីខ្លះទើបអាចយកទៅធ្វើប័ណ្ណរឹង… តាមការប្រាប់ពីបងស្រី មួង ធា។

បងស្រី មួង ធា បានខ្ចីលុយគេធ្វើដំណើរពីរនាក់ម្តាយកូនមកជួបខ្ញុំនៅភ្នំពេញថ្ងៃនេះជាមួយទឹកភ្នែកនិងក្តីអស់សង្ឃឹមយ៉ាងខ្លាំង។ កាលពីថ្ងៃម៉ិញ ក្រោយពីបានស្តាប់សារបានរឿងដ៏សោកសៅនិងពិនិត្យឯកសារគាត់រួចហើយ ខ្ញុំក៏បានបញ្ជូនសំណុំរឿងនេះទៅលោកប្រធានតុលាការខេត្តកំពង់ឆ្នាំងជួយពិនិត្យបន្ថែមដើម្បីផ្តល់យុត្តិធម៌ជូនគាត់។ ខ្ញុំក៏បានជូនថវិកាមួយចំនួនជួយចេញថ្លៃធ្វើដំណើររបស់គាត់និងកូនវិលទៅផ្ទះវិញនិងយកទៅសងគេផង។ ខ្ញុំនឹងស្វែងរកការពិតអំពីករណីនេះជូនបងស្រី មួង ធា។

លោក ដួង តារា ៖ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close