ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍នៃជំងឺកូវីដ១៩ រួចមក ក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រីបាន សម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍។ អាហារដ្ឋាន និងតូបលក់នំបញ្ចុកដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្មក្នុងដំណាក់កាលនេះផងដែរ។
អភិបាលស្រុកបន្ទាយស្រី បន្តថា ត្រឹមតែក្នុងរង្វង់២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដនៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជិត៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័កនៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុករួចមកហើយ ក្នុងនោះអ្នកពាក់ព័ន្ធថ្មីជាមួយនឹងម្តាយកូនវិជ្ជមានដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រះដាក់ចន្លោះពី៥០ទៅ១០០នាក់ផ្សេងទៀតនឹងត្រូវធ្វើតេស្តយកសំណាកនៅក្នុងថ្ងៃស្អែកនេះ។
គណៈបញ្ជាការឯកភាពស្រុកបានរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ និងតំបន់សំខាន់ៗនៅក្នុងឃុំ ហើយនឹងអនុវត្តការផាកពិន័យយ៉ាងតឹងរុឹងបំផុត ចំពោះរាល់ការបំពានវិធានការរដ្ឋបាល ជាពិសេសការតម្រូវឱ្យពាក់ម៉ាស់ជាកំហិតនៅក្នុងទីសាធារណៈ និងការហាមឃាត់ជាដាច់ខាតមិនឱ្យមានការប្រមូលផ្តុំជួបជុំគ្នាពិសារគ្រឿងស្រវឹង។
រដ្ឋបាលស្រុក ស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់នេះ ហើយបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់អាចប្រើប្រាស់ផ្សារបន្ទាយស្រី និងផ្សារស្រះស្រង់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងចន្លោះពេលនេះបាន។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាពិសេសអ្នករស់នៅក្នុងឃុំព្រះដាក់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់។ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងរៀបចំឱ្យមានកន្លែងធ្វើតេស្តយកសំណាកនៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តងផងដែរ។