ពលរដ្ឋពុលស្រា ស្លាប់៩នាក់ កំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ១២នាក់ លោក ជាវ តាយ បញ្ជាអោយបិទអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកំពត!
ខេត្តកំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បញ្ជាអោយ បិទអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកំពត នេះ បើយោងតាមលិខិតចេញដោយរដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ កក្កដា ២០២១។
សូមជម្រាបផងដែរថា ប្រជាពលរដ្ឋ៩នាក់ ស្លាប់បាត់បង់ជីវិតដោយសារពុលស្រា ១២នាក់ទៀតកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ
នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅចុងសប្ដាហ៏នេះ។
យោងតាម មន្ត្រីសាខា ក.ប.ប. ខេត្តកំពត បានលើកឡើងថាបន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់បង់ជីវិតចំនួន ០៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដំណាក់ចង្អើរ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។
បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញបានប្រមូលសំណាកគំរូស្រាស និងស្រាថ្នាំដែលមានសេសសល់នៅផ្ទះជនរងគ្រោះនិងទីតាំងលក់ស្រាស និងស្រាថ្នាំ និងបន្តចុះស្រាវជ្រាវដល់កន្លែងផលិតស្រា ដែលស្ថិតនៅខាងជើងវត្តអង្គដំបងដែក ស្ថិតក្នុងភូមិតាក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។