ផឹកស្រា ស និងស្រាថ្នាំរួច ក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់បង់ជីវិត៩នាក់ ១២នាក់ផ្សេងទៀត ចូលសម្រាកនៅមន្ទីរពេទ្យ
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត
(ខេត្តកំពត)៖បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់បង់ជីវិតចំនួន ០៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដំណាក់ចង្អើរ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញបានប្រមូលសំណាកគំរូស្រាស និងស្រាថ្នាំដែលមានសេសសល់នៅផ្ទះជនរងគ្រោះនិងទីតាំងលក់ស្រាស និងស្រាថ្នាំ និងបន្តចុះស្រាវជ្រាវដល់កន្លែងផលិតស្រា ដែលស្ថិតនៅខាងជើងវត្តអង្គដំបងដែក ស្ថិតក្នុងភូមិតាក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។
សំណាកគំរូទាំងអស់ដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។
អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត។