ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញចុះត្រួតពិនិត្យ និង ណែនាំដល់គណៈគ្រប់គ្រងផ្សារ ឯកជនបានសរុបចំនួន៣ផ្សារ រួមមានផ្សារបឹងបៃតង ផ្សាររីករាយ និងផ្សារឈូកមាស ដែលមានទីតាំងស្ថិតនៅសង្កាត់គោកឃ្លាង និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីអោយអនុវត្តវិធានការចាំបាច់មួយចំនួនរួមមានដូចខាងក្រោម ៖
-ត្រូវកំណត់ចំនួនអតិថិជនចេញ ឬចូលផ្សារ ក្នុងបរិមាណសមរម្យសមមាត្រទៅនឹងទំហំផ្សារ ក៏ដូចជាត្រូវមានគំនូសរក្សាគម្លាត សុវត្ថិភាពបុគ្គល ១,៥ ម៉ែត្រ ។
-រៀបចំកំណត់ច្រកចេញ-ចូលផ្សារ ដើម្បីជាភាពងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អតិថិជន អាជីវករ និងកំណត់ ច្រកសុវត្ថិភាពក្នុងការសង្គ្រោះ ។
-ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬដាក់ទឹកអាល់កុល-ជែលអាល់កុលអោយបានច្រើនក្នុុងទីតាំងផ្សារ ដើម្បីឲ្យអាជីវករ និងអតិថិជនបានប្រេីប្រាស់ ។
-អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយណាដែលមានវត្តមានក្នុងទីតាំងផ្សារត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ ។
ក្នុងករណីណាដែលមានជនណាបានល្មើស មិនពាក់ម៉ាស់តាមការណែនាំ ប្រធានផ្សារ ត្រូវសហការជាមួយមន្រ្តីជំនាញ ដើម្បីចុះផាកវិន័យតាមនិតិវិធីច្បាប់៕