បាត់ដំបង៖ ល្បែងសុីសងភ្នាល់បាល់តាមអនឡាញកំពុងបិទទ្វារខ្ទប់លេងយ៉ាងរលូន ក្នុងក្រុងបាត់ដំបងស្របពេលជម្ងឺ COVID 19 កំពុងរីករាល ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាត់ដំបងហាក់មិនខ្វល់ខ្វាយគ្មានវិធានការទប់ស្តាប់ពលរដ្ឋសង្ស័យថាមានការសែនព្រេនរួចរាល់ទើបម្ចាស់ទីតាំងហ៊ានបើកលេងយ៉ាងរលូន។
លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរក្រុងបាត់ដំបង ជាអតីតអធិការស្រុកសំពៅលូន មានឈ្មោះល្បីខាងបង្ក្រាបល្បែងសុីសងនិងបទល្មើសនានាដែលធ្វើអោយពលរដ្ឋរស់នៅក្នុងស្រុកសំពៅលូនមានភាពកក់ក្តៅ មុឺងម៉ាត់ក្នុងការងារក៍ប៉ុន្តែក្រោយពេលលោកបានចូលទៅដល់ក្រុងបាត់ដំបងសមត្ថភាព របស់លោកហាក់គ្មានប្រសិទ្ធិភាពជាហេតុធ្វើអោយអស់ជំនឿនិងមានការរិះគន់យ៉ាងចាស់ដៃ។
លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងសេនាឆ្វេងស្តាំ ចំណាំតែដឹកនាំកម្លាំងចុះបង្ក្រាបល្បែងសុីសង ឬបទល្មើសផ្សេងៗនៅក្នុងខេត្តបាត់ដំបង ពេលនេះសម្ងំនៅស្ងៀមស្ងាត់មាត់ឈឹងប្រៀបបីដូចមិនមានរឿងអ្វីកើតឡើងនៅក្នុងក្រុងបាត់ដំបងទាល់តែសោះ។
ប្រជាពលរដ្ឋទទូចស្នើរសុំអោយលោកណុប ដារ៉ា និងលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងចុះទៅពិនិត្យមើលទីតាំងភ្នាល់បាល់ចំនួន៣កន្លែង ទី១-ចំណុចខាងលិចធនាគារ ABA ទល់មុខហាងលក់គុយទាវទា ក្នុងភូមិកម្មករ ទីតាំងទី-២ នៅក្បែរផ្ទះសំណាក់ដឹប៊្លូ ខាងជើងសណ្ឋាគារ HOLIDAY និងទី៣-នៅទល់មុខ ឈាងខាងលិចក្រុមហ៊ុន វិរៈប៊ុនថាំ ជាប់ពេទ្យធ្មេញបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដើម្បីរួមចំណែកជួយទប់ស្តាប់ជម្ងឺ COVID 19 ជាមួយប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន ហែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមលោកណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបងនិងលោកវរសេនីឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ដែលទើបឡើងកាន់តំណែងថ្មី គួរ ចាត់វិធានការចំពោះទីតាំងអិនធឺណែត ដែលមានការប្រមូលផ្តុំគ្នា បិទខ្ទប់ទ្វារ ក្នុងម៉ាសុីនត្រជាត់ជាប្រភពនៃការរីករាលដាលជម្ងឺ COVID19។
ជុំវិញករណី ដូចការរៀបរាប់ខាងលើ នៅវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឆ្លើយតបភ្នាក់ងារ TNN យើងតាមរយៈទូរស័ព្ទថា ចំពោះល្បែងសុីសងចាក់បាល់អនឡាញ គ្រប់ទីតាំងទាំងអស់ លោកកំពុងតែធ្វើការស្រាវជ្រាវ៕ ដោយ ៖ សុខ កុសល