ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ « សូមជំរាបសួរ លោកស្នងការខេត្តកណ្តាល សូមជួយពិនិត្យមើលកន្លែងធ្វើអជីវកម្ម (លីងកាហ្វេ) មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា ទីតាំងស្ថិតក្នុង ភូមិ វាល ឃុំ ព្រែកស្លែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដោយទីតាំងធ្វើអជីវកម្មខាងលើពេលលីងឬលាយកាហ្វេម្តងៗធ្វើអោយមានក្លិនមិនល្អឈ្ងាម (ឈ្ងៀម) ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាខ្លាំង ជាពិសេស ស្រ្តីទើបសម្រាលកូន។ល។ ដោយអជីវកម្មខាងលើនេះបើកជាយូរឆ្នាំណាស់ មកហើយពុំឃើញ មានអាជ្ញាធរពាក់ពន្ធ័ណាចុះត្រួតពិនិត្យនោះទេ »។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកណ្តាលស្ទឹង បានចាត់កម្លាំងស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង សហការជាមួយក្រុមប្រឹក្សាឃុំ និងលោកមេភូមិបានចុះទៅពិនិត្យមើលដល់ផ្ទះរបស់ឈ្មោះ មាច សុខជា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើពិតជាមានបើកអាជីវកម្មកាហ្វេលីង និងកិនលក់ពិតប្រាកដមែន។ ក្រោយពីបានធ្វើការសួរនាំរួច លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកាហ្វេខាងលើ នៅពេលលីង រឺ កិនគ្រាប់កាហ្វេត្រូវរៀបចំធ្វើកន្លែងលីង រឺ កិនគ្រាប់កាហ្វេ អោយបានសមរម្យ បិតជិត និង វេចខ្ចប់ឲ្យបានត្រឹមត្រូវល្អ ប្រសើរទៅតាមបទដ្ឋានបច្ចេកទេសនៃការវេចខ្ចប់ ធ្វើយ៉ាងណាកុំអោយមានក្លិនមិនល្អដែលជាហេតុនាំអោយប៉ះពាល់ដល់អ្នករស់នៅជិតខាងជាប់របង និង ប្រជាពលរដ្ឋផ្សេងទៀតដែលមានទីលំនៅជិតនោះ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕