ក្រុមការងារជំនាញ កំពុងពន្លឿន ការស្ថាបនា ផ្លូវលេខ៦៤ អោយហើយនៅក្នុងខែកក្កដា២០២១នេះ!

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋមានផ្ទះនៅតាមដងផ្លូវលេខ៦៤ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង មានភាពសាទរចំពោះសមិទ្ធផលថ្មីរបស់ខេត្តស្ទឹងត្រែង។ ដោយឃើញក្រុមការងារជំនាញ បាននិងកំពុងធ្វើសកម្មភាពធ្វើផ្លូវ និងស្ថាបនាបានពន្លឿនការកៅស៊ូផ្លូវ៦៤ នេះឱ្យហើយនៅក្នុងខែកក្កដា២០២១នេះតែម្តង ។

ក្នុងសកម្មភាពចាក់កៅស៊ូលើផ្លូវជាតិលេខ៦៤ នៅក្នុងក្រុងស្ទឹងត្រែង ថ្ងៃទី០២ កក្កដានេះ លោកស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ក្រុមការងារកំពុងធ្វើសកម្មភាព និងពន្លឿនការស្ថាបនាផ្លូវនេះឱ្យហើយនៅក្នុងខែកក្កដា ដើម្បីឲ្យប្រជាពលរដ្ឋស្រួលធ្វើចរាចរណ៍ទៅមក ដែលពីមុនផ្លូវនេះតូចចង្អៀតហើយខូចស្ទើរតែទាំងស្រុងនោះ។
លោកបន្តថា៖ នៅពេលស្ថាបនាហើយផ្លូវលេខ៦៤នេះមានទំហ៊ំធំជាងមុន២ដងតភ្ជាប់ពីផ្លូវកែងទៅស្ពានមេគង្គ ទៅភ្ជាប់និងផ្លូវលេខ០៩ថ្មីឆ្ពោះទៅខេត្តព្រះវិហារ និងទៅកាន់ផ្លូវជាតិលេខ០៧ចេញទៅខេត្តក្រចេះ និងបានលើកស្ទួយសោភ័ណ្ឌភាពទីក្រុងឱ្យកាន់តែល្អស្អាតផងដែរ។

លោកញឹប សំអុន ប្រជាពលរដ្ឋនៅភូមិរាជានុកូលបានអះអាងថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតនៅឆ្នាំ២០២១នេះ បន្ទាប់ពីខេត្តស្ទឹងត្រែងមានប្រព័ន្ធទឹកស្អាតដ៏ធំស្កឹមស្កៃ សម្រាប់បម្រើឱ្យសេវាសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តា ភូមិ ឃុំ មាន ផ្លូវ ស្ពាន ទឹក ភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។

លោកបន្តថា នៅពេលមានផ្លូវល្អ ហើយសូមបងប្អូននាំគ្នាជួយថែរក្សាសម្អាត់បរិស្ថានទាំងអស់គ្នា ជាពិសេសជួយសម្អាតនៅតាមមុខផ្ទះដែលបងប្អូនរស់នៅ ហើយធ្វើដំណើរសូមមានការប្រយ័ត្នប្រយែងនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ។

សូមបញ្ជាក់ថា ផ្លូវកៅស៊ូលេខ៦៤ នេះ មានប្រវែងជាង៩គីឡូម៉ែត្រ ហើយអាជ្ញាធរចាប់ផ្តើមស្ថាបទៅតាមជំហ៊ានៗ ហើយលើក ទី៣នេះការស្ថាបនាមាន ប្រវែង១.៨០០ម៉ែត្ រទទឹង១៨ម៉ែត្រ ដើម្បីធ្វើឱ្យទីប្រជុំជនក្នុងក្រុងកាន់តែមានសោភ័ណ្ឌភាព និង ប្រជាពលរដ្ឋប្រើប្រាស់រថយន្តម៉ូតូ ស្រួលធ្វើចរាចរណ៍ទៅមកផងដែរ៕

ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close