លោក ថោង ខុន ៖ ក្នុងខែមិថុនា មានភ្ញៀវជាង ៣សែននាក់ ដើរកម្សាន្តទូទាំងប្រទេស កើនឡើង ៧៨,៥៩% ធៀបនឹងខែឧសភា

(ភ្នំពេញ)៖ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។

លោក​ ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភ្ញៀវសរុបដែលដើរកម្សាន្ត មានចំនួន ៣៤៦.៥១៨ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៤២.១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤.៤០៩ នាក់»។

​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ថិតិភ្ញៀវដែលបានដើរកម្សាន្ត ក្នុងខែមិថុនា ប្រចាំសប្តាហ៍នីមួយៗ រួមមាន៖

* សប្តាហទី១ ភ្ញៀវប្រមាណ ៧៦.៦៩៨ នាក់
* សប្តាហទី២ ភ្ញៀវប្រមាណ ៧០.៨៧១ នាក់
* សប្តាហទី៣ ភ្ញៀវប្រមាណ ១០៩.០៩៥ នាក់
* សប្តាហទី៤ ភ្ញៀវប្រមាណ ៨៩.៨៥៤ នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែមិថុនានេះ រួមមាន៖
* រាជធានីភ្នំពេញ៖ ៦០.២៧៧ នាក់
* ខេត្តកំពត៖ ៥០.៦៥១ នាក់
* ខេត្តកំពង់ស្ពឺ៖ ៣៩.៣០០នាក់
* ខេត្តបាត់ដំបង៖ ៣៥.១៤២ នាក់
* ខេត្តព្រះសីហនុ៖ ៣២.៩៥៣ នាក់
* ខេត្តកែប៖ ២០.៧៤៨ នាក់
* ខេត្តសៀមរាប៖ ២០.២២៦ នាក់។

«ចំនួននេះមានការកើនឡើងប្រមាណ ៧៨,៥៩% ធៀបនឹងខែឧសភាកន្លងមក ប៉ុន្តែក៏នៅថយចុះប្រមាណ ៤៣,៤% ធៀបនឹងខែមិថុនា ឆ្នាំ២០២០»។ នេះជាការបញ្ជាក់ ពីឯកឧត្តម​ ថោង ខុន។

លោកបន្តថា គោលដៅទេសចរណ៍តំបន់ឆ្នេរ (ពិសេសខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ) រួមជាមួយគោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ គឺជាគោលដៅសំខាន់ដែលបានស្រូបទាញចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានច្រើន។

ទន្ទឹមនឹងនេះ ក៏មានគោលដៅទេសចរណ៍មួយចំនួនតូចបានទទួលភ្ញៀវលើសសមត្ថភាពផ្ទុក (Carrying Capacity) ដោយសារ តែភ្ញៀវ បានសម្រុកទៅលេងច្រើន ក្នុងពេលដំណាលគ្នា ពិសេសក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ប៉ុន្តែក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ជាសេនា និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចុះពិនិត្យ និងណែនាំឲ្យគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងដើម្បីបញ្ជៀសកុំឲ្យមានការកកកុញ មនុស្សអ៊ូរអរច្រើនបន្តទៀត។

ជារួម ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តកើនឡើងជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ រហូតដល់បំណាច់ចុងខែមិថុនានេះ ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយ បើធៀបនឹងឆ្នាំ ២០២០ កន្លងមក ដោយសារតំបន់ខ្លះនៃរាជធានីខេត្តមួយចំនួន មានការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគណៈបញ្ជាការឯកភាពចាត់វិធានដាច់ដោយឡែក និងដោយកន្លែង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close