ស្នងការខេត្តកណ្តាល លើកឡើងពី វិធានការថ្មីៗ ដែលត្រូវយកចិត្តទុកដាក់បំផុត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន!
ខេត្តកណ្តាល ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំធ្វើកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងផ្សព្វផ្សាយ ទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានសមាសភាពចូលរួមពី៖ លោក-លោកស្រីស្នងការរង, លោកនាយការិយាល័យជំនាញទាំង៣១ លោកមេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ, លោកអធិការនគរបាលគ្រប់ស្រុក និងក្រុងតាខ្មៅ សរុបចំនួន ៧១ រូប។
ក្នុងឱកាស លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងពីវិធានការថ្មីៗ ដែលត្រូវយកចិត្តទុកដាក់បំផុត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការការពារពី រលកថ្មីនៃជម្ងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី មកពីប្រទេសឥណ្ឌា (ដែលតា និងដែលតាភ្លើស)។