សម្ដេចក្រឡាហោម ស ខេង ៖ ការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុ សច្បាប់ បាននិងកំពុងបង្កឱ្យមានបញ្ហាប្រឈមជាច្រើនក្នុងសង្គម
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសតែងតាំងមុខដំណែងអភិបាល អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធចំនួន៧០នាក់។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេងបានមានប្រសាសន៍ថា «ការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បាននិងកំពុងបង្កឱ្យមានបញ្ហាប្រឈមជាច្រើនក្នុងសង្គមដែលត្រូវដោះស្រាយក្នុងរយៈពេលចំពោះមុខ និងរយៈពេលយូរអង្វែង ហេតុនេះត្រូវខិតខំពុះពារជម្នះប្រកបដោយឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តឱ្យបានមុតមាំដើម្បីអនុវត្តវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោមសខេង បានថ្លែងបន្ថែមដោយចាត់ទុកយុទ្ធនាការនេះជាផ្នែកមួយនៃការលើកម្ពស់យុត្តិធម៌សង្គម, ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងការរីកសាយអាវុធមហាប្រល័យ, ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ, ជាផ្នែកមួយនៃការកាត់ផ្ដាច់ទំនាក់ទំនងរបស់ក្រុមសង្គមងងឹតពីខាងក្រៅ និងមកខាងក្នុងប្រទេស និងទប់ស្កាត់ការកើតក្រុមសង្គមងងឹតក្នុងប្រទេស, ជាផ្នែកមួយនៃការលើកម្ពស់សុខភាពនិងសុខមាលភាពប្រជាពលរដ្ឋដែលជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពរយៈពេលយូរអង្វែងតទៅមុខទៀត ជាពិសេសយុវជន, ជាផ្នែកមួយនៃការធ្វើមានបរិយាកាសសុខសន្តិភាព ស្ថេរភាព និងសណ្ដាប់សាធារណៈ, ជាផ្នែកមួយនៃការបង្កើនភាពកក់ក្ដៅ និងភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋក្នុងសង្គម និងជាផ្នែកមួយនៃការចូលរួមធនធានសង្គមដូចជាថវិកាជាតិ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ»។