កិច្ចប្រជុំផ្សព្វផ្សាយ ទិសដៅឆមាសរបស់អគ្គស្នងការនគរបាលជាតិ និងលទ្ធផលផែនការសកម្មភាព របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ នាររសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ដើម្បីផ្សព្វផ្សាយ ទិសដៅឆមាសរបស់អគ្គស្នងការនគរបាលជាតិ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងពេលដែលពិភពលោកទាំងមូលកំពុងតែមានការព្រួយបារម្ភជាមួយនឹងមេរោគកូវីដប្រភេទបំប្លែងថ្មី Delta និង Delta Plus។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានធ្វើការណែនាំដល់លោក លោកស្រី អនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ បើទោះបីជានាយកដ្ឋានមានការប្រឈមខ្លះៗដោយសារតែការផ្លាស់ប្ដូរពីការបំពេញការងារដោយជួបមុខគ្នាផ្ទាល់ មកជាការបំពេញការងារតាមរយៈប្រព័ន្ធអនឡាញវិញនោះក្ដី។

ជាចុងក្រោយ ឯកឧត្តម ក៏បានផ្តល់មតិណែនាំដល់អនុប្រធាននាយកដ្ឋានទាំងអស់ឱ្យបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីអនុវត្តផែនការដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យមន្ត្រីទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញការងារ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺដ៏កាចសាហាវនេះទៅខ្លួនឯង ក្រុមគ្រួសារ ឬនាយកដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close