ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានរិះគន់ចំៗប្រាប់អ្នកសារព័ត៌មានឲ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា មានបើកល្បែងភ្នាល់លេងបាល់ ហើយចាក់បាល់ទះមួយកន្លែង ដំណើរការយ៉ាងរលូន ដោយបើកអោយមនុស្សចូលលេងជារៀងរាល់សប្ដាហ៍ ដោយក្នុងមួយសប្ដាហ៍បើកចំនួន០២ថ្ងៃគឺ៖ លេងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សចូលចាក់បាល់យ៉ាងច្រើនកុះករ ដែលមានសមាសភាពមកពីតំបន់ផ្សេងគ្នាដោយមិនខ្វល់ឬខ្លាចឆ្លងមេរោគកូវីដ-១៩ទល់តែសោះ។
ប្រភពបានបន្តថា: ទីតាំងដែលលេងបាលទះ នឹងអោយមនុស្សចូលដាក់ប្រាក់ភ្នាល់គ្នាដោយសេរីនេះគឺហាងកាហ្វេមានយីហោ« Bee Bee Cafe & ការហ្វេដូងក្រអូប »ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមអ្នកចូលភ្នាល់បាល់ម្នាក់បានបង្ហើបឲ្យដឹងថា ក្នុងទីតាំងខាងលើ មានមនុស្សចូលចាក់បាល់ក្នុងមួយថ្ងៃៗ ប្រមាណជាជាង ១០០នាក់ទៅ២០០នាក់ ដោយប្រើប្រាស់រថយន្តសេរីទំនើបៗ និងម៉ូតូ ជាច្រើនគ្រឿង។ ហើយចំពោះទឹកប្រាក់ដែលចាក់បាល់ភ្នាល់គ្នានោះ គឺចន្លោះពីរ ៥០ម៉ឺនរៀល ទៅដល់ជាង២លានរៀលឯណោះ។
ពាក់ព័ន្ធទៅក្នុងករណីនេះផងដែរ តាមការឲ្យដឹងពីសំណាក់ស្ត្រីជាម្ចាស់ទីតាំងបានឲ្យដឹងថា: កន្លែងគាត់ពិតជាបានបើកឱ្យលេងបាល់មែនពីព្រោះថាតាំងពីពេលចាប់ដំណើរការសាងសង់ទីលានរួចមកពុំទាន់បានឲ្យចាប់ដំណើរការជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ហើយបើមិនឱ្យលេងទេគឺពុំមានថវិកាបង់ឲ្យអង្គការនោះដែរ។
ទាក់ទិនករណី កន្លែងបើកល្បែងចាក់បាល់ខាងលើលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់តាមទូរសព្ទថា: ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី (តែមិនដឹងត្រកូលអីទេ) បើកល្បែងភ្នាល់ចាក់បាល់ ក្រោម ហាងកាហ្វេ ស្លាកយីហោ «Bee Bee Cafe’& កាហ្វេដូងក្រអូប» ហើយនៅខែមុន លោកបានចុះទៅបិទម្ដងរួចហើយដែរ។
ដោយបិទទីតាំងខាងលិច បើកទីតាំងខាងកើតមិនដឹងម្ចាស់គិតយ៉ាងម៉ិច ពិតជាផ្គើននិងវិធានការរបស់ក្រសួងសុខាភិបាលជាពិសេសវិធានការ «៣កុំ ៣ការពារ»របស់សម្តេចតេជោហ៊ុនសែនពិតមែន៕
ដោយ: ខ្លាខ្មៅ