ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំ ដើម្បីពង្រឹងឡើងវិញការសំអាត ប្រមូល និងការដឹកជញ្ជូនសំរាម សំណល់រឹង ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពី លោក នាយករដ្ឋបាលខណ្ឌ លោក ប្រធាន-អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈខណ្ឌ មន្ត្រីពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់-ចៅរង និង មន្ត្រីភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ។
ជាលទ្ធផលកិច្ចប្រជុំ លោក អភិបាល បានដាក់ចេញគោលការណ៍អនុវត្តការងារដូចខាងក្រោម៖
លោក លោកស្រីចៅសង្កាត់ទាំង១១ ជួយពិនិត្យមើលបន្ថែមដោយដាក់កម្លាំងចុះមើលគ្រប់ផ្លូវ និងមូលដ្ឋានអាជីវកម្មក្នុងមូលដ្ឋានរបស់ខ្លួន ករណីការបញ្ចេញសំរាមខុសម៉ោងកំណត់ និងគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយរបស់មូលដ្ឋានអាជីវកម្មមួយចំនួន ដោយគ្មានការទទួលខុសត្រូវ ។
ភ្នាក់ងារអនាម័យ ត្រូវតាមដាន ឃ្លាំមើល ផ្តល់ព័ត៌មាន និងណែនាំដល់មូលដ្ឋានអាជីវកម្មនានាដែលបញ្ចេញសំរាមខុសម៉ោងកំណត់ ឬបញ្ចេញសំរាមក្រោយរថយន្តដឹកសំរាមមកយក ជាពិសេសអនុវត្តឲ្យបានម៉ឹងម៉ាត់ ករណីអ្នកចោលសំរាមតាមទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ និង ការយកសំរាមមកដាក់ខុសម៉ោងកំណត់ ព្រមទាំងគ្មានការវេចខ្ចប់ត្រឹមត្រូវ ។
ចំពោះមូលដ្ឋានអាជីវកម្ម ដែលបញ្ចេញសំរាមខុសម៉ោងកំណត់ ត្រូវធ្វើកំណត់ហេតុណែនាំ តាមនីតិវិធីចំនួន ៣លើកហើយ ក្នុងករណីនៅតែមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ត្រូវចាត់វិធានការចុះបិទអាជីវកម្ម ដើម្បីជាការព្រមាន ។ ដោយឡែក ចំពោះការបញ្ចេញសំរាមខុសម៉ោងកំណត់ និងការចោលសំរាមតាមទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ ត្រូវធ្វើការអប់រំណែនាំ និង ត្រូវចាត់វិធានការផាកពិន័យ ក្នុងករណីមិនរៀងចាល ។