ឃុំខ្លួនមន្ត្រីយោធា និងនគរបាល ៩នាក់ ករណី គប់គិត ជាមួយជនជាតិវៀតណាម នាំយកឈើទៅក្រៅប្រទេសដោយខុសច្បាប់

មណ្ឌលគិរី៖ បន្ទាប់ពីមានការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុចជាលើកទី២ ពីសំណាកមន្ត្រីជំនាញខេត្តមណ្ឌលគិរី ឈានដល់ការឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលសុទ្ធតែជាកងកម្លាំងយោធា និងនគរបាលមានតួនាទីការពារតំបន់នោះ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យចំនួន១២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន០២នាក់ ។

លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ មិថុនា ថា សំណុំរឿងនេះបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ ដោយតំណាងអយ្យការបានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ១២នាក់ បញ្ជូនទៅឃុំខ្លួន០៩នាក់ ចំណែកជនសង្ស័យ០៣នាក់ផ្សេងទៀត ក្នុងនោះជនជាតិខ្មែរ០១នាក់ និងជនជាតិវៀតណាម០២នាក់ បានគេចខ្លួន ។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា មនុស្សទាំង៩នាក់ដែលមន្ត្រីជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងបទល្មើសព្រៃឈើនៅចំនុចអូរហ៊ុច។

ទី១ ឈ្មោះ អ៊ុក ណាខៃ ជាមេបញ្ជាការ គ២ នៃវរសេនាតូចលេខ២

ទី២ ឈ្មោះ ឡឹក ញែក បញ្ជាការរង ទទួល ខ២ ខ៣

ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការ ខ២ ប្រចាំការនៅចំណុចអូរហ៊ុច

ទី៤ ឈ្មោះ លាង ភារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច

ទី៥ ឈ្មោះ ព្រុំ វណ្ណៈ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច

ទី៦ ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច

ទី៧ ឈ្មោះ អ៊ាង ចាន់ឌី មន្ត្រីទទួលបន្ទុកការងារវិស្វកម្មស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន

ទី៨ ឈ្មោះ ឌួង ចាន់វីរៈ ជាមន្ត្រីយោធា និង

ទី៩ ឈ្មោះ ផន សុផល ជាមន្ត្រីយោធា ។

លោក កែវ សុភក បន្តថា មុនឈានដល់ការបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិមួយនេះ រហូតឃាត់ខ្លួនអ្នកពាក់ព័ន្ធបន្តបន្ទាប់ គឺមន្ត្រីឧទ្យានុរក្សបានល្បាតប្រទះឃើញនូវគំនរឈើជាច្រើន នៅចំណុចអូរហ៊ុច ស្ថិតភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បន្ទាប់មកនៅថ្ងៃទី១៩ មិថុនា ២០២១ ក្រុមការងារចម្រុះថ្នាក់ខេត្ត ថ្នាក់ស្រុក និងកម្លាំងការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង បានចុះទៅបង្ក្រាបដល់ទីតាំងផ្ទាល់ ។ ពេលកំពុងធ្វើដំណើរចុះប្រតិបត្តិការ មកដល់ចំណុចជិតស្ពានអូរហ៊ុច មានអេស្កាវាទ័រ ចំនួន០២គ្រឿង និងរថយន្តបែនដឹកដីចំនួន០១គ្រឿងរបស់កងវិស្វកម្ម បានចតតំរៀបសងខាងផ្លូវ ដែលធ្វើឱ្យក្រុមការងារពិបាកឆ្លងកាត់ដោយសារមានភាពចង្អៀត និងស្ថានភាពផ្លូវរអិល បន្ទាប់មកក៏មានរថយន្ត បែនដឹកដីចំនួន០១គ្រឿងទៀត ពាក់ស្លាកលេខខេមរភូមិន្ទ02-3-9535 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មកចតកាត់ដាក់ទទឹងផ្លូវ ក្នុងគោលបំណងធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចទៀតផង ។

លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចអូរហ៊ុចនេះ ក្រុមការងារបានពិនិត្យ និងប្រទះឃើញមានស្នាមដានត្រាក់ទ័រអូសដឹកឈើឆ្លងកាត់ព្រំដែនចូលទៅប្រទេសវៀតណាម និងប្រមូលបានវត្ថុតាងជាច្រើនដូចជា គំនរឈើមូល និងឈើអារប្រភេទលេខ១ (ស្រឡៅ និងសុក្រម) ចំនួន២៥២កំណាត់ ត្រាក់ទ័រចំនួន០២គ្រឿង ម៉ូតូចំនួន០២គ្រឿង រណាយន្តម៉ាក០៣៨ចំនួន០១គ្រឿង និងជំរុំអារឈើចំនួន០៦កន្លែង ពុំជួបជនសង្ស័យ ហើយក្រុមការងារបានធ្វើការរុះរើបំផ្លាញចោល ។

លោក កែវ សុភគ៌ បានឲ្យដឹងទៀតថា តាមការពិនិត្យ អង្កេតស្ថានភាពភូមិសាស្ត្រទីតាំងកើតហេតុ និងកន្លែងអូស ដឹកឈើ ឆ្លងអូរចូលប្រទេសវៀតណាម គឺមានចម្ងាយត្រឹមតែ៦០០ម៉ែត្រ ទៅ៨០០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍នគរបាល និងប៉ុស្តិ៍យោធាការពារព្រំដែនគោកអូរហ៊ុច ។

សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង១២នាក់ដែលត្រូវបានចោទប្រកាន់និងឃុំខ្លួនដោយតំណាងអយ្យការ រួមមាន ជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ប៉ិក (គេចខ្លួន) និងឈ្មោះ ជី (គេចខ្លួន) និងបក្ខពួក ពីបទ៖
– កាប់ ប្រមូល ដឹកជញ្ជូន ធនធានម្មជាតិ – នាំចេញផល អនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណ – ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ ។ សម្រេចចោទប្រកាន់ឈ្មោះ ១ . អ៊ុក ណាខៃ ២. ឡឹក ញែក ៣. វ៉ាន់ ចន្ធារី ៤. លាង ភារ័ត្ន ៥. ព្រំ វណ្ណះ ៦. ផាត់ សុខឡេង ៧. អ៊ាង ចាន់ឌី ៨. ផន សុផល ៩. ដួង ចាន់វីរ: ចោទប្រកាន់ពីបទ ៖- រួមគំនិតក្នុងអំពើនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ឌ – ធ្វើសកម្មភាពទាំងឡាយណាដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ និងដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ – ជួយសម្រួលក្នុងការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ (ជនសង្ស័យទាំង៩ខាងលើត្រូវបានតំណាងអយ្យការស្នើសុំឃុំខ្លួនហើយ) ១០. ម៉ែន ធឹម (អ្នកបើកបររថយន្តរបស់បញ្ជាការវិស្វកម្ម) មិនចូលខ្លួនមកបំភ្លឺ ចោទប្រកាន់ពីបទ៖ -ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ ៕

ប្រភព៖​មន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី

អត្ថបទដែលជាប់ទាក់ទង
Open

Close