ខ្លាំងមែន! អាចបន្តចាក់ដីលុបព្រែកកោះតូច រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមក្រសែភ្នែក អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធមែនឬ?
ខេត្តកំពត ៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពត រិះគន់ចំៗ ដល់ អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេស លោក អភិបាលខេត្ត នាយខណ្ឌរដ្ឋបាលជលផលខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានត្រឹមតែស្រែកក្តែងៗ តែមិនអាចទប់ស្កាត់ការចាក់ដីចូលព្រែកកំពត ហៅព្រែកកោះតូច និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច ស្រុកទឹកឈូ រំលោភយកធ្វើកម្មសិទ្ធិយ៉ាងរំភើយ ពីសំណាក់បុគ្គលឈ្មោះ ហេង សុភី ដែលអ្នកកំពតស្គាល់ថា ជាអ្នកមានលុយស្តុកស្តម្ភ និងសង្ស័ុយមានអ្នកមានអំណាច នៅពីក្រោយខ្នងទៀតផងមិនដឹង។
បើតាមសេចក្តីរាយការណ៍ថា ករណីចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែក និងដងព្រែក របស់បុគ្គលមានលុយកាក់ មានអំណាចខាងលើនេះ មានជនមួយចំនួននៅតាមដងព្រែកកោះតូច ស្ថិតនៅចំណុចជិតស្ពានរថភ្លើង ដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូ១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែក ។
ក្រុមមន្ត្រី និងប្រជាពលរដ្ឋ ក្នុងខេត្តបានបញ្ជាក់ថា ការចាក់លុប ធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីព្រែក ដីចំណីផ្លូវរថភ្លើង មួយកន្លែង នៅចំនុចខាងលើស្ពានផ្លូវរថភ្លើង ព្រែកកោះតូច ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពីលោក ហេង សុភី ដែលគេស្គាល់ ថាជាអ្នកមានទឹកលុយ និងខ្សែធំ មិនខ្វល់នឹងចំណាត់ការរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត ដែល ឯកឧត្តមបាន ប្រមានយ៉ាងធ្ងន់ៗចំនួន២លើករួចមកហើយ ឲ្យរុះរើ និងកាយចេញជាបន្ទាន់ តែប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានលើកឡើងថាចំណាត់ការរបស់លោកចៅហ្វាយខេត្ត ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ!
ប្រជាពលរដ្នបានលើកឡើងបន្ថែមទៀតថា គ្មានឃើញ អាជ្ញាធរ ឬមន្ត្រីជំនាញរូបណាហ៊ានចុះរុះរើផង ឃើញតែលោក ហេង សុភី ចាក់ដីលុប និងសាងសង់បន្ថែមទៀតដោយមិនខ្វល់សោះ ប្រហែលបុគ្គលរូបនេះខ្សែធំហើយមើលទៅបានជាមន្រ្តីជំនាញមិនហ៊ានជាមួយសោះ ។
ចុងក្រោយនេះ ដោយមើលឃើញពីបញ្ហា រំលោភបំពានខុសច្បាប់ខាងលើនេះ រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្ដែងតែម្តង និងធ្វើការព្រមានហាមឃាត់បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពានករណីខាងលើនេះ ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែករួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋយកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែកដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម ។
ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះ ឯកឧត្តមអភិបាលខេត្តក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួមនឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់។ ក្នុងករណីអនុវត្តមានការរាំងស្ទះដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាននោះទេ សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្តដាក់ជូនទៅតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់ ។
ពាក់ព័ន្ធនឹងករណីចាក់ដីរំលុបព្រែកចំណុចខាងលើលោភយកធ្វើកម្មសិទ្ធិនេះ អ្នកសារព័ត៌មានយើង បានទំនាក់ទំនងទៅ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដើម្បីសុំការបំភ្លឺ តែលោកបានឆ្លើយប្រាប់ថា ៖ រឿងលក់ព្រែក លប់ព្រែកលោកមិនដឹងទេ ហើយនៅម្តុំណាដែរទាន! ចុងក្រោយលោកឆ្លើយថាច្រឡំលេខហើយទាន ! រួចក៏បិទទូរស័ព្ទវិញតែម្តង ។
ដោយឡែក លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានប្រាប់ អ្នកសារព័ត៌មានយើង តាមទូរស័ព្ទថា ពាក់ព័ន្ធនឹងការចាក់ដីនេះរូបលោក និងមន្ត្រីមូលដ្ឋានបានធ្វើសេចក្តីជូនដំណឹងឲ្យម្ចាស់ដីបញ្ឍប់ការចាក់ និងកាយអាចម៍ដីនោះចេញវិញលោកបានចេញលិខិតកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។ ហើយលោកអភិបាលស្រុក រូបនេះបញ្ជាក់ថា រូបភាពដែល ព័ត៌មានយើងទទួលបាននេះ គឺជារូបភាពចាស់ទេ។ ឥឡូវគេកាយចេញវិញអស់ហើយ ។ បើមានគឺមាននៅខាងក្នុៗ ដែលមិនទាន់កាយ ។ ជាមួយគ្នានេះផងដែរលោកអភិបាលស្រុកក៏បានអរគុណ អ្នកសារព័ត៌មាន ដែលបានតេសម្ភាសន៍មុនផ្សាយ ។
តែទោះជាយ៉ាងណាមន្ត្រីក្នុងខេត្ត និងប្រជាពលរដ្ឋបញ្ជាក់ថា រូបភាពចាក់់ដីខាងលើនេះ ជារូបភាពថ្មី ហើយដីនៅតែដី ដោយគ្មានឃើញកាយអាចម៍ដីចេញវិញនោះទេ រហូតមកដល់ថ្ងៃនេះ ។
ជុំវិញរឿងរ៉ាវនេះ អង្គភាព សារព័ត៌មានយើង ផ្សព្វផ្សាយបានមួយថ្ងៃ មានលេខទូរស័ព្ទដែលមានលេខ 0963282828 អះអាងថា ជា លោក ហេង សុភី បានឆ្លើយថាដីក្នុងរូបភាពនោះមិនមែនជាដីកម្មសិទ្ធិលោកទេ។ គាត់មានដីមែន តែមានទីតាំងហួសដីនោះ មានធ្វើរបង លោកបានទិញពីប្រជាពលរដ្ឋមានក្រដាសស្នាមត្រឹមត្រូវ។
អង្គភាព សារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី អាជ្ញាធរ ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកំពតតែម្តង៕